កូនប្រុសអតីតមេដឹកនាំផ្តាច់ការលីប៊ី Gaddafi ត្រូវបានឃាតក ៤នាក់ ចូលបាញ់សម្លាប់ដល់ក្នុងផ្ទះ
បរទេស៖ លោក Saif al-Islam Gaddafi កូនប្រុសរបស់អតីតមេដឹកនាំលីប៊ី Muammar Gaddafi ត្រូវបានគេធ្វើឃាត បាញ់ស្លាប់នៅក្នុងសួនច្បារក្នុងផ្ទះរបស់លោក, នេះបើយោងតាមប្រភពមួយដែលជិតស្និទ្ធនឹងក្រុមគ្រួសារលោក បានបញ្ជាក់ប្រាប់ RT នៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កូនប្រុសអតីតមេដឹកនាំលីប៊ី ត្រូវបានសម្លាប់ដោយមនុស្សបួននាក់ «ដែលបានរត់គេចខ្លួនយ៉ាងលឿនពីកន្លែងកើតហេតុបន្ទាប់ពីបាញ់សម្លាប់នៅក្នុងសួនច្បាររបស់គាត់» នេះបើយោងតាមប្រភពពីក្រុមគ្រួសារបានប្រាប់ Al Arabiya។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោក Gaddafi បានរស់នៅក្នុងការលាក់ខ្លួននៅក្នុងប្រទេសលីប៊ី។
នៅឆ្នាំ ២០១៥ តុលាការលីប៊ីបានកាត់ទោសប្រហារជីវិតលោក Saif al-Islam ចំពោះតួនាទីរបស់គាត់ក្នុងការបង្ក្រាបការតវ៉ាក្នុងអំឡុងពេលភាពចលាចលឆ្នាំ ២០១១ ដែលនាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលរបស់ឪពុកគាត់។ តុលាការព្រហ្មទណ្ឌអន្តរជាតិបានចោទប្រកាន់គាត់ដាច់ដោយឡែកពីគ្នាពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ លោក Saif al-Islam ត្រូវបានដោះលែងនៅឆ្នាំ ២០១៧ ជាផ្នែកមួយនៃការលើកលែងទោសទូទៅ។
នៅឆ្នាំ ២០២១ គាត់បានចុះឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅខែធ្នូ ប៉ុន្តែការបោះឆ្នោតបានដួលរលំនៅទីបំផុតក្នុងចំណោមភាពជាប់គាំងនយោបាយ៕
ប្រែសម្រួលៈ ណៃ តុលា
