ព័ត៌មានជាតិ

មេសិទ្ធិមនុស្សកម្ពុជា ប្រាប់ចៅក្រមជាន់ខ្ពស់អាម៉េរិក ថា ថៃ បានប្រើអាវុធធុនធ្ងន់ ចូលជ្រៅមកក្នុងទឹកដីកម្ពុជា ជាង ៩០គីឡូម៉ែត្រ

ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានថ្លែងប្រាប់ចៅក្រមជាន់ខ្ពស់អាម៉េរិក ថា ថៃបានប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 ដោយចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង ៩០គីឡូម៉ែត្រ ដើម្បីធ្វើការវាយប្រហារ ដោយមិនរើសមុខ មកលើកម្ពុជា។

ក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយ លោក John C. Coughenour ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក នៅសាលសវនការរបស់ គ.ស.ម.ក. នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី បានជម្រាបអំពីមូលហេតុនៃបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ដោយគូសបញ្ជាក់ថា កម្ពុជាតែងតែគោរពនិងអនុវត្ត តាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ក្រោមច្បាប់អន្តរជាតិ ។ ប៉ុន្ដែ ភាគីថៃ ជាពិសេសក្រុមជ្រុលនិយម និងអ្នកនយោបាយថៃមួយចំនួន នៅតែប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី ដែលផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងអំឡុងពេលយោធារបស់ថៃ ចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 ដោយចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង ៩០គីឡូម៉ែត្រ ដើម្បីធ្វើការវាយប្រហារដោយមិនរើសមុខលើភូមិឋានស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព មិនមានបំណងបង្កសង្គ្រាមជាមួយប្រទេសណាមួយឡើយ ដោយសារកម្ពុជាបានឆ្លងកាត់បទពិសោធសង្គ្រាមជាច្រើនទសវត្សរ៍ និងយល់ដឹងច្បាស់អំពីផលវិបាកនៃសង្គ្រាមនិងតម្លៃនៃសន្ដិភាព។ ទោះជាយ៉ាងណា កម្ពុជាមានកាតព្វកិច្ចក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។

ជាងនេះទៀត លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហរ របស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់អន្តរជាតិ អនុសញ្ញានិងសន្ធិសញ្ញាពាក់ព័ន្ធ ព្រមទាំងយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់ ។ កម្ពុជាបន្តអំពាវនាវឱ្យមានការគោរពបូរណភាពទឹកដី អធិបតេយ្យភាព និងការការពារជនស៊ីវិលជាចម្បង ហើយជឿជាក់ថា ដំណោះស្រាយយូរអង្វែង និងមានស្ថិរភាព អាចសម្រេចបានតែតាមរយៈការសន្ទនា ការយោគយល់ និងការអនុវត្តច្បាប់អន្តរជាតិដោយស្មោះត្រង់ ប៉ុន្តែមិនមែនតាមរយៈការប្រើប្រាស់កម្លាំង ឬសម្ពាធយោធាណាមួយឡើយ។

ជាការឆ្លើយតប លោក John C. Coughenour បានសម្ដែងការខកចិត្ត ចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុន ឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើប្រជាជនស៊ីវិលកម្ពុជា៕

To Top