ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហួត ហាក់ ៖ រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព១ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព១ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ ។

ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើងក្នុងឱកសាអនុញ្ញាត​ ឱ្យលោកស្រី Milena Caridad Zalddivar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦​ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានរំលឹកថា កម្ពុជា និងគុយបាមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី ហួត ហាក់​ ក៏បានលើកឡើងថា តាមរយៈការដាក់ចេញ នូវគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើប្រទេសកម្ពុជា ទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញឱ្យវិស័យទេសចរណ៍ មានការរីកចម្រើន និងត្រូវបានប្រសិទ្ធនាមជា «មាសបៃតង»។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព១ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ ក្នុងការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរដ្ឋទូតគុយបា​ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-គុយបា​ តាមរយៈ ១) ស្នើឱ្យមាននូវការពិភាក្សា និងរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ ២) ស្នើសុំចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ នៃប្រទេសទាំងពីរ នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍អន្តរជាតិ នៃប្រទេសគុយបា នាពេលខាងមុខ និង៣) ស្នើសុំឱ្យក្រសួងជួយសម្របសម្រួល ដើម្បីឱ្យមានជំនួបពិភាក្សាជាមួយនឹងសមាគម ក្នុងវិស័យទេសចរណ៍នៅកម្ពុជា អំឡុងពេលដែលគណប្រតិភូ ក្រសួងទេសចរណ៍គុយបា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។

តាមរយៈការលើកឡើងខាងលើរបស់ឯកអគ្គរដ្ឋទូតគុយបា ត្រូវបានលោករដ្ឋមន្រ្តី ឯកភាពតាមការស្នើសុំ និងគាំទ្រឱ្យមានការរៀបចំជា FAM Trip ទៅវិញទៅមក ក៏ដូចជាការចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ នៃប្រទេសទាំងពីរ៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top