ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ត្រាំ ថា សន្ធិសញ្ញាកាត់បន្ថយ អាវុធនុយក្លេអ៊ែរ New START រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនជា កិច្ចព្រមព្រៀង ដែលចរចាមិនបានល្អ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដោយលោកថា វាជា «កិច្ចព្រមព្រៀងដែលចរចាមិនបានល្អ» ដោយលោកអំពាវនាវឱ្យអ្នកជំនាញនុយក្លេអ៊ែរអាមេរិក ចាប់ផ្តើមធ្វើការលើកិច្ច ព្រមព្រៀងថ្មីទាំងស្រុង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កិច្ចព្រមព្រៀងគ្រប់គ្រង អាវុធយុទ្ធសាស្ត្របានផុតកំណត់ជាផ្លូវការនៅថ្ងៃទី ៥ ខែកុម្ភៈ ដែលបង្កឱ្យមានការព្រួយបារម្ភនៅក្នុងទីក្រុងមូស្គូ និងនៅអង្គការសហប្រជាជាតិ។ កាសែត Axios បានរាយការណ៍នៅថ្ងៃដដែលនោះថា មន្ត្រីអាមេរិក និងរុស្ស៊ីបានយល់ព្រមធ្វើការលើ «ការធ្វើបច្ចុប្បន្នភាព» កិច្ចព្រមព្រៀងនៅខាងក្រៅកិច្ចចរចា សន្តិភាពអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ី។

លោក ត្រាំ បានសរសេរនៅលើ Truth Social កាលពីថ្ងៃព្រហស្បតិ៍ថា «ជំនួសឱ្យការពង្រីកសន្ធិសញ្ញា «NEW START»… យើងគួរតែមានអ្នកជំនាញនុយក្លេអ៊ែររបស់យើងធ្វើការលើសន្ធិសញ្ញាថ្មី ប្រសើរឡើង និងទំនើបកម្ម ដែលអាចមានរយៈពេលយូរអង្វែងទៅអនាគត» ដោយអះអាងថា កិច្ចព្រមព្រៀងនេះកំពុងត្រូវបាន «រំលោភបំពានយ៉ាងធ្ងន់ធ្ងរ»។

មិនយូរប៉ុន្មានបន្ទាប់ពីការបង្ហោះរបស់លោក ត្រាំ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកមានគម្រោងពិភាក្សាអំពីសន្ធិសញ្ញាថ្មីជាមួយរុស្ស៊ី។ លោកស្រីក៏បានបដិសេធផងដែរថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនបានឈានដល់កិច្ចព្រមព្រៀង បណ្តោះអាសន្នណាមួយ លើការអនុវត្តតាមបទប្បញ្ញត្តិ នៃសន្ធិសញ្ញាដែលផុតកំណត់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top