ក្រសួងអប់រំ ចេញវិធានការទប់ស្កាត់ សកម្មភាព មិនប្រក្រតី នៅថ្ងៃ១៤ កុម្ភៈ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការទប់ស្កាត់ សកម្មភាពមិនប្រក្រតី ក្នុងទិវា នៃក្តីស្រឡាញ់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន។
ការចេញវិធានការនេះ ដោយសារក្រសួងអប់រំ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ខណៈទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរទេ។ យុវជន មួយចំនួនតូច បាននិងកំពុងភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ ។
យោងតាមសេចក្តីណែនាំ របស់ក្រសួងអប់រំបានឱ្យដឹងថា ដើម្បីបន្តពង្រឹងការ អនុវត្តបទបញ្ជាផ្ទៃក្នុង នៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ បានធ្វើការណែនាំដល់សាលារដ្ឋនិងឯកជនទាំងអស់ ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំ ដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ , ត្រូវពង្រឹងការអនុវត្តវិន័យ ឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមាន របស់សិស្សានុសិស្សជាប់ជាប្រចាំ ។
សេចក្តីណែនាំ របស់ក្រសួងក៏បានសង្កត់ធ្ងន់ ឱ្យបញ្ជ្រាបការ អប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ , ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត” , ត្រូវទាក់ទងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី និងត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា ។
ជាមួយគ្នានេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងការ បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕
