ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់និយាយថា នឹងមិនខកខានឱកាសណាមួយ ដើម្បីធានាផលប្រយោជន៍ជាតិ រក្សាសន្តិភាពក្នុងតំបន់ តាមរយៈការទូត

គែរ៖​ អ៊ីរ៉ង់​ នឹងមិនខកខានឱកាសណាមួយ ដើម្បីធានាផលប្រយោជន៍ជាតិ របស់ខ្លួន និងរក្សាសន្តិភាពក្នុងតំបន់ តាមរយៈការទូតនោះទេ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានសរសេរ កាលពីថ្ងៃព្រហស្បតិ៍នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅមុនថ្ងៃ នៃកិច្ចចរចាអ៊ីរ៉ង់-សហរដ្ឋអាមេរិក​ ដែលរំពឹងទុកនៅក្នុងរដ្ឋធានី Muscat ប្រទេសអូម៉ង់។

ដោយកត់សម្គាល់ថា គណៈប្រតិភូអ៊ីរ៉ង់ដឹកនាំ ដោយរដ្ឋមន្ត្រីការបរទេសលោក Seyyed Abbas Araghchi បានចេញដំណើរទៅកាន់ទីក្រុង Muscat សម្រាប់កិច្ចចរចានៅថ្ងៃសុក្រ លោក Baghaei បានសរសេរថា ការពិភាក្សានេះមានគោលបំណងឈានដល់ “ការយោគយល់គ្នា ដោយយុត្តិធម៌ មានការយល់ព្រមគ្នាទៅវិញទៅមក និងគួរឱ្យគោរព រវាងភាគីទាំងពីរ លើបញ្ហានុយក្លេអ៊ែរ”។

លោកបន្ថែមថា​ អ៊ីរ៉ង់សង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន “ក៏នឹងចូលរួមក្នុងដំណើរការនេះ ដោយមានការទទួលខុសត្រូវ ភាពប្រាកដនិយម និងភាពធ្ងន់ធ្ងរផងដែរ” ។

កិច្ចចរចានេះ ដែលមានលោក Steve Witkoff បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក ដឹកនាំគណៈប្រតិភូអាមេរិក ត្រូវបានគេរំពឹងថានឹងធ្វើឡើង ខណៈដែលភាពតានតឹង នៅតែខ្ពស់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top