គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងការយកឈ្នះលើភាពខុសគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីជៀសវាងការប្រថុយប្រថាន នៃសង្គ្រាមនៅក្នុងតំបន់។
ការកត់សម្គាល់នេះបានកើតឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សា តាមទូរស័ព្ទយ៉ាងស៊ីជម្រៅ ដែលលោក Abdelatty ទើបតែបានធ្វើឡើងជាមួយសមភាគី របស់លោកនៅអ៊ីរ៉ង់ កាតា និងអូម៉ង់ ក៏ដូចជាបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff ដោយមានគោលបំណង ទប់ស្កាត់ភាពតានតឹង ដែលកំពុងបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។
ក្នុងអំឡុងពេល នៃកិច្ចពិភាក្សា លោក Abdelatty បានសង្កត់ធ្ងន់លើតម្រូវការក្នុងការឈានដល់ “ការដោះស្រាយ ដោយសន្តិវិធី និងព្រមព្រៀងគ្នា ” រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលដោះស្រាយកង្វល់ របស់គ្រប់ភាគីទាំងអស់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។
កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំងឡើង របស់ប្រទេសអេហ្ស៊ីប ត្រូវបានធ្វើឡើងមុនកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេរំពឹង ទុកនៅទីក្រុងមូស្កាត ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានឧ្យដឹងថា នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ៕
ប្រែសម្រួល ឈូក បូរ៉ា
