ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍របស់រុស្ស៊ីម្នាក់ ត្រូវឃាតករ បាញ់ប្រហារជាច្រើនគ្រាប់ នៅខាងក្រៅលំនៅដ្ឋានរបស់ខ្លួន

បរទេស៖ គណៈកម្មាធិការ ស៊ើប អង្កេតបាននិយាយថា ឧត្តមសេនីយ៍ផ្នែកស៊ើបការណ៍យោធា ជាន់ខ្ពស់របស់រុស្ស៊ីម្នាក់ បានរងរបួសបន្ទាប់ ពីត្រូវបានខ្មាន់កាំភ្លើងម្នាក់ វាយប្រហារក្នុងការប៉ុនប៉ងធ្វើឃាតដែលសង្ស័យថា បានកើតឡើងនៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ឧត្តមសេនីយ៍ឯក Vladimir Alekseev អនុប្រធានទីមួយ នៃនាយកដ្ឋានស៊ើបការណ៍ សម្ងាត់សំខាន់របស់រុស្ស៊ី (GRU) ត្រូវបានបាញ់ជាច្រើនគ្រាប់នៅខាងក្រោយ នៅខាងក្រៅលំនៅដ្ឋាន របស់គាត់នៅភាគខាងលិចនៃរដ្ឋធានី។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា ឧត្តមសេនីយ៍ឯក Alekseev ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពរបស់គាត់ទេ។

មន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងបានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយកំពុងត្រូវបានប៉ូលីសស្វែងរក។ ក្រុមអ្នកស៊ើបអង្កេត និងក្រុមកោសល្យវិច្ច័យកំពុង ធ្វើការនៅកន្លែងកើតហេតុ។

ខណៈពេលដែលមន្ត្រីរុស្ស៊ី មិនទាន់បានកំណត់អត្តសញ្ញាណ អ្នកដែលទទួលខុសត្រូវនោះទេ ចារកម្មអ៊ុយក្រែន ពីមុនបានដាក់ឈ្មោះថា Alekseev ជា “ឧក្រិដ្ឋជនអន្តរជាតិ”។ ទីក្រុងគៀវក៏ត្រូវបានផ្សារ ភ្ជាប់ទៅនឹងផែនការធ្វើឃាតពីមុន ដែលកំណត់គោលដៅលើមន្ត្រី និងមេបញ្ជាការយោធារុស្ស៊ីផងដែរ៕

ប្រែប្រួលៈ ណៃ តុលា

To Top