ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងបន្ថែមទៀត​ នូវចំណងមិត្តភាពជាប្រពៃណី ទោះបីជាសភាពការណ៍ តំបន់និងអន្តរជាតិ មានការវិវត្តយ៉ាងខ្លាំងក្លា និងស្មុគស្មាញក៏ដោយ

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា និងបានជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាកម្ពុជា ភាគីទាំងពីរ កម្ពុជា-វៀតណាម បានបង្ហាញ បានប្តេជ្ញាបន្តពង្រឹង បន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីនេះ ដោយគូសបញ្ជាក់ថាទំនាក់ ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម នៅតែរឹងមាំឋិតថេរ និងមិនផ្លាស់ប្ដូរ ទោះបីជាសភាពការណ៍ តំបន់ និងអន្តរជាតិមានការវិវត្តយ៉ាងខ្លាំងក្លា និងស្មុគស្មាញក៏ដោយ ។

យោងតាមសេចក្តីថ្លែងការណ៍រួម ភាគីកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជន វៀតណាម ក្នុងការរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យ ពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ក្នុង ទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ និងការគាំទ្រ របស់វៀតណាម ចំពោះការកសាង និងការអភិវឌ្ឍកម្ពុជា។ ភាគីវៀតណាមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការលះបង់របស់ប្រជាជនកម្ពុជា ក្នុងការតស៊ូដើម្បីបុព្វហេតុ នៃការបង្រួបបង្រួមទឹកដី និង ឯករាជ្យភាពរបស់វៀតណាម នៅទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ និងការគាំទ្ររបស់កម្ពុជា ចំពោះការកសាង និងការអភិវឌ្ឍវៀតណាម។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និង សន្តិសុខ ដោយបានប្ដេជ្ញា បន្តធ្វើកិច្ចសហការនេះ ឱ្យកាន់តែស៊ីជម្រៅ និង មានប្រសិទ្ធភាពខ្ពស់ ហើយបានឯកភាព ពង្រឹងទំនាក់ទំនង រវាងកងកម្លាំង ប្រដាប់អាវុធទាំងពីរឱ្យបានខ្លាំងក្លា រួមទាំងការកសាងសមត្ថភាព។
ភាគីទាំងពីរបន្តប្រកាន់ខ្ជាប់ គោលការណ៍មិនអនុញ្ញាត ឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដី របស់ប្រទេសមួយប្រឆាំងនឹង ប្រទេសមួយទៀតឡើយ៕

To Top