ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ឯកភាពលើគោលការណ៍សំខាន់ៗ ៥ចំណុច ក្នុងការដោះស្រាយបញ្ហា ដោយមិនឱ្យប៉ះពាល់ ដល់ទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា និងបានចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ភាគីទាំងពីរ បានឯកភាពលើគោលការណ៍សំខាន់ៗ៥ចំណុច ក្នុងការដោះស្រាយបញ្ហា ដោយមិនឱ្យប៉ះពាល់ ដល់ទំនាក់ទំនងទ្វេភាគី។

យោងតាមសេចក្ដីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦ បានឱ្យដឹងថា ជាមួយនឹងការបញ្ជាក់ជាថ្មី អំពីការប្តេជ្ញា ពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកដែលជា មូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាសេសសល់ និង ការខ្វែងគំនិតគ្នា ដោយរក្សា បាននូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីជាទូទៅ ភាគីទាំងពីរបានឯកភាព លើគោលការណ៍សំខាន់ៗ ក្នុងការដោះស្រាយបញ្ហា ដោយមិនឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីទូទៅ និងបានដាក់ចេញទិសដៅថ្មី សម្រាប់កិច្ចសហប្រតិបត្តិការពេញលេញ និងមានប្រសិទ្ធភាព ដូចខាងក្រោម៖

១/ គោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីគា្នទៅវិញទៅមក ដោយមិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងផងគ្នា និងដោះស្រាយរាល់បញ្ហាទាំងអស់ ប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីចៀសវាងអ្នក ដទៃកេងយកប្រយោជន៍ ឬធ្វើឱ្យស្ថានភាពស្មុគស្មាញ;
២/ ដោះស្រាយការខ្វែង គំនិតតាមរយៈកិច្ចសន្ទនាដោយត្រង់និងមានលក្ខណៈស្ថាបនា កិច្ចសហប្រតិបត្តិការប្រកបដោយចេតនាល្អនិងស្មោះត្រង់ ផ្អែកលើការគោរពផលប្រយោជន៍ ស្នូលស្របច្បាប់របស់ប្រទេស នីមួយៗ ការកសាងបន្ថែមលើចំណុចរួម ហើយទន្ទឹមនេះកាត់បន្ថយ ភាពខុសគ្នាឲ្យនៅតិចបំផុត;
៣/ បង្កើនការចែករំលែកព័ត៌មាន និងជំរុញការពិគ្រោះយោបល់ឱ្យទាន់ពេលវេលា លើបញ្ហាដែលជា ផលប្រយោជន៍រួម ជាពិសេសបញ្ហាពាក់ព័ន្ធ នឹងព្រំដែនជាតិ សហគមន៍ កម្មវិធី និងគម្រោងសហ ប្រតិបត្តិការនានា;
៤/ រក្សានូវកុងសង់ស៊ុស មិនអនុញ្ញាតឱ្យបញ្ហាណាមួយធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាទូទៅ កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឬសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ;
៥/ លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលគ្នា ក្នុងស្មារតីស្ថាបនា និងប្រកបដោយទំនួល ខុសត្រូវ ព្រមទាំងដោះស្រាយរាល់បញ្ហាដែលកើតឡើងឱ្យបានទាន់ពេលវេលា ដើម្បីពង្រឹងទំនុកចិត្ត និងរក្សាទំនាក់ទំនងទ្វេភាគីឱ្យឋិតថេរ និងយូរអង្វែង៕

To Top