ព័ត៌មានអន្តរជាតិ

ការនាំចូលប្រេង របស់ឥណ្ឌា ពីប្រទេសរុស្សី ធ្លាក់ចុះខ្លាំងក្នុងខែធ្នូ កន្លងមកនេះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍កាលពីថ្ងៃសុក្រថា ការនាំចូលប្រេង របស់ប្រទេសឥណ្ឌា ពីប្រទេសរុស្ស៊ី បានធ្លាក់ចុះនៅក្នុងខែធ្នូ ។

ដំណឹង​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​ការ​ប្រកាស ​របស់​ប្រធានាធិបតី​អាមេរិក Donald Trump អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​លោក​បាន​អះអាង​ថា ទីក្រុង New Delhi បាន​យល់ព្រម​បញ្ចប់​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី។

ប្រទេសឥណ្ឌាមិនបានបញ្ជាក់ ពីការអះអាងនេះទេ ហើយនាយករដ្ឋមន្ត្រី Narendra Modi បានជៀសវាងការយោងណាមួយ ដែលភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ទៅនឹងការបញ្ឈប់ការទិញប្រេងពីរុស្ស៊ី។

កាសែតក្នុងស្រុកThe Hindu បានរាយការណ៍ថាការនាំចូលប្រេង ពីប្រទេសរុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេល៣៨ខែ ដែលមានចំនួន២,៧ពាន់លានដុល្លារ នៅក្នុងខែធ្នូឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រេងរុស្ស៊ីឥឡូវនេះមានចំនួនតិច ជាងមួយភាគបួន នៃការនាំចូលរបស់ប្រទេសឥណ្ឌា ធ្លាក់ចុះពី៣៤ភាគរយកាលពីមួយខែមុន។

វាបានបន្ថែមទៀតថា ការនាំចូលពីសហរដ្ឋអាមេរិក បានកើនឡើង៣១ភាគរយ ទៅដល់៥៦៩,៣១លានដុល្លារក្នុងខែធ្នូ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ។ បរិមាណនៃការនាំចូលពីសហរដ្ឋអាមេរិកបានកើនឡើង ៥៨ភាគរយទៅដល់១,១លានតោន៕

ប្រែសម្រួល៖ស៊ុនលី

To Top