ប្រមុខដឹកនាំបក្សកាន់អំណាច កម្ពុជា-ឡាវ សម្តែងការពេញចិត្ត ចំពោះសុវត្ថិភាព សន្តិសុខ នៅតាមព្រំដែន នៃប្រទេសទាំងពីរ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និង លោក ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែង នូវការពេញចិត្តចំពោះ សុវត្ថិភាព សន្តិសុខនៅតាមព្រំដែន ដែលទាំងនេះបង្ហាញយ៉ាងច្បាស់ អំពីព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្នាក់ដឹកនាំកំពូលទាំងពីរ បានរំលេចនិងពង្រីកសក្តានុពល និងសហប្រតិបត្តិការបន្ថែមទៀត ដែលគណបក្សទាំងពីរ នៅមានជាមួយគ្នា ជាពិសេសបន្តការផ្លាស់ប្ដូរ នូវទំនាក់ទំនងផ្នែកយុវជន ថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ តាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ រួមទាំងការផ្លាស់ប្ដូរ និងបណ្ដុះបណ្ដាលយុវជន អ្នកបន្តវេនដើម្បីរក្សា ឱ្យបាននូវចំណងមិត្តភាព នៃគណបក្សទាំងពីរ។
ប្រមុខដឹកនាំទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តចំពោះ សុវត្ថិភាព សន្តិសុខនៅតាមព្រំដែន ដែលទាំងនេះបង្ហាញយ៉ាងច្បាស់ អំពីព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដែលបង្ហាញអំពីការយល់គ្នាទៅវិញទៅមក ជាក់ស្តែង រហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានសម្រេចបោះបង្គោលព្រំដែនបានប្រមាណ៨៦% ហើយ នៅសល់តែ១៤% ទៀតតែប៉ុណ្ណោះ ហើយគោលការណ៍នៃគណបក្ស និងរដ្ឋាភិបាលគឺការដោះស្រាយនៃការចរចាគ្នាតាមយន្តការមួយដោយសន្តិវិធី ដែលនេះបង្ហាញយ៉ាងច្បាស់ថា ជាអ្នកជិតខាងល្អ ក្នុងការដោះស្រាយបញ្ហា ដែលកើតឡើងដោយសន្តិវិធី ។

នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន ប្រទេសទាំងពីរ ក៏រួមគ្នាដើម្បីប្រឆាំងទៅនឹងឧក្រិដ្ឋកម្ម នៅតាមព្រំដែនផងដែរ ដើម្បីធានានូវនិរន្តរភាពនៃស្ថិរភាព ក៏ដូចជាសន្តិភាពនៅតាមព្រំដែន រវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ រដ្ឋាភិបាល រួមទាំងគណបក្ស គឺគាំទ្រឱ្យមានការសម្រេចបាននូវពាណិជ្ជកម្ម រវាងកម្ពុជា និងឡាវ បន្ថែមទៀត ថ្វីត្បិតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានអត្រាប្រមាណជាង ២៥០លានដុល្លារ នៅចំនួនតិចក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំកំពូលគណបក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ សុទ្ធតែមើលឃើញថានៅមានសក្តានុពលជាច្រើនទៀត ដែលភាគីទាំងពីរអាចពង្រីកជាមួយគ្នា ។ ផែនការបឋម គឺថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរ ចង់បានគឺការសម្រេចបាននូវ ពាណិជ្ជកម្មទំហំប្រមាណ ៧០០លានដុល្លារ នៅក្នុងពេលដែលឆាប់ៗខាងមុខ ដែលជាការបង្ហាញឆន្ទៈរួម ទាំងក្របខ័ណ្ឌគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕
