ព័ត៌មានអន្តរជាតិ

Venezuala ក្នុងភូមិសាស្ត្រនយោបាយ នៃមហិច្ឆតារបស់អ្នកកាន់អំណាចសេតវិមាន

  Venezuala មានរ៉ែប្រេងដ៏មហាសាល នៅក្នុងតំបន់ Carible ដែលអាមេរិកវាយកាន់កាប់បានរ៉ែប្រេងរបស់ Venezuala ស្មើនឹងអាមេរិកទទួលបាន១/២ នៃបរិមាណប្រេងដែលមាននៅក្នុងពិភពលោកនេះ។

          តាមការប៉ាន់ស្មាន របស់ពួកអ្នកសេដ្ឋកិច្ចពិភពលោក បានអះអាងថា រ៉ែប្រេងរបស់ Venezuala មានប្រហែល ៣០៣ពាន់លានធុង ច្រើនជាងគេបំផុតលើស Saudi Arabia ដែលមានប្រេងត្រឹមប្រមាណ ២៦៧ពាន់លានធុង ដែលប្រេងទាំងនេះមួយភាគធំស្ថិតក្រោមខ្សែរក្រវ៉ាត់នៃរបៀងសមុទ្រ Orinoco តែប្រភេទប្រេងរបស់ Venezuala មានភាពធ្ងន់ កម្រិត API ទាប ដែលប្រេងទាំងនេះពិបាកក្នុងការរុករក និងក្នុងការសំរាំង ទាមទាអោយមានទុនវិនិយោគច្រើន និងមានកំរិតបច្ចេកទេសខ្ពស់ ទើបអាចចម្រាញ់ ប្រេងនេះបានល្អ។

          មានគោលដៅសំខាន់៣ របស់អាមេរិកក្នុងការវាយកាន់កាប់ Venezuala ក្នុងពេលនេះដោយ៖

•ធ្វើការគ្រប់គ្រងមកលើតម្លៃថាមពលពិភពលោកឱ្យបាន!

•ទប់ស្កាត់ចិននិងរុស្សីអោយបានមុន កុំឱ្យលូកចូលក្នុងតំបន់នេះ

•គំរាមគំហែងប្រទេសដ៏ទៃទៀត នៅក្នុងតំបន់អឌ្ឍគោលខាងលិច កុំអោយធ្វើតាមដូចគំរូ Venezuala ។

     ទិដ្ឋភាពនយោបាយរូមរបស់ Venezuala ចាប់ពីចុងឆ្នាំ១៩៩០ ក្រោយពី Hugo Chavez ឡើងកាន់អំណាចមក លោក Chavez មានបំណងប្រើប្រាស់ប្រេងធ្វើជាអាវុធនយោបាយ ដោយប្រើប្រាស់ធនធានធម្មជាតិប្រេង ដើម្បីពង្រឹងអំណាច និងយកសម្បត្តិធម្មជាតិដែលព្រះប្រទានឱ្យនេះ ធ្វើជាទំនិញដើម្បីទិញទឹកចិត្ត អោយមានការគាំទ្រនូវនយោបាយរបស់ខ្លួន ព្រមទាំងយកអំណាចមួយនេះ ទៅផ្ចាញ់ផ្ចាល់តស៊ូមតិជាមួយអាមេរិកផង។ ដំណើរវិវត្តន៍នៃនយោបាយនេះ ដល់បណ្ដាឆ្នាំ២០០៦-២០០៧ រដ្ឋអំណាច Caracas បានប្រកាសជាផ្លូវការធ្វើជាតូបនីយកម្ម លើវិស័យរ៉ែប្រេងទាំងអស់ ដោយដាក់ក្រុមហ៊ុនរកស៊ីប្រេង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ដោយផ្ទាល់របស់រដ្ឋ ដែលក្នុងនោះបានបង្ខំអោយសហក្រុមហ៊ុនយក្សបរទេសទាំងអស់ ដែលរកស៊ីទទួលទានខាងប្រេង ត្រូវទទួលយកលក្ខខណ្ឌទាំងឡាយរបស់រដ្ឋ។

          ជាលទ្ធផល មានក្រុមហ៊ុនយក្សបរទេសជាច្រើន ដែលរកស៊ីប្រេងរបស់អាមេរិក ឬរបស់លោកខាងលិច ត្រូវបានរដ្ឋ Venezuala ដកហូតទ្រព្យសម្បត្តិ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតត្រាកាន់កាប់របស់រដ្ឋ ដែលក្នុងនោះក្រុមហ៊ុនយក្សដែលលេចធ្លោជាងគេបំផុតគឺ Exxon Mobil និង Conoco Philips តែដោយ សហក្រុមហ៊ុនយក្សទាំងពីរនេះ បានបដិសេធ មិនព្រមអនុលោមធ្វើតាមលក្ខខណ្ឌរដ្ឋរបស់ Venezuala ពេលនោះទើបរដ្ឋអំណាច Caracas ក្រោមការដឹកនាំរបស់លោក Hugo Chavez បានប្រកាសធ្វើការរឹមអូសយករ៉ែប្រេង និងបិទទីតាំងធ្វើអាជីវកម្មរ៉ែទាំងអស់ ដែលជាហេតុបង្ខំឱ្យ ក្រុមហ៊ុនយក្សទាំងអស់នោះ ប្ដឹងទៅតុលាការអន្តរជាតិ។ ជារួមក្រុមហ៊ុនយក្ស Exxon និង Conoco ឈ្នះនៅការប្ដឹងផ្ដល់មួយនេះ ក៏ប៉ុន្តែ Venezuala ប្រកាន់ជំហរគោលនយោបាយ មិនសងសំណង ព្រមទាំងបានអូសបន្លាយពេលវេលា នៃអាជ្ញាយុការនេះ រហូតដល់ធ្វើជាភ្លេច មិនព្រមធ្វើការទូទាត់បំណុល សងអាមេរិកសោះឡើយ!។

          ដោយឡែក មានតែក្រុមហ៊ុន Chevron មួយគត់ដែលសម្រេចមិនដកថយ ដោយសម្រេចជ្រើសរើស នៅបន្តរកស៊ីនិងទទួលយកលក្ខខ័ណ្ឌ ធ្វើជាដៃគូរ ក្នុងការរកស៊ីជាមួយក្រុមហ៊ុនរដ្ឋ Petroleos de Venezuela (PDVSA) របស់ Venezuala ។ ការសម្រេចមិនរើទីតាំងចេញ របស់ Chevron ពុំមែនមានន័យថា Chevron មានសេចក្ដីសុខសុវត្ថិភាពនោះទេ តែរាល់ទ្រព្យសម្បត្តិផ្ទាល់របស់ Chevron ត្រូវបានដាក់ក្រោមរដ្ឋត្រួតពិនិត្យ ធ្វើអធិការកិច្ចមកលើផលចំណេញ ត្រូវកាត់កងក្នុងការផ្ញើលុយចេញទៅក្រៅ និងលុយខ្លះទៀតត្រូវរដ្ឋបង្កក។ ជារួមការមានមុខរកស៊ីប្រេង របស់ Chevron នៅ Caracas មើលទៅដូចជាចំណាប់ខ្មាំងខាងនយោបាយ ជាជាងជាអ្នកវិនិយោគ មានសិទ្ធិសេរីភាពនោះ។

          ជាការពិត Venezuala ពុំមែនជារដ្ឋអធិបតេយ្យពេញលេញ តែ Venezuala ជាទីតាំងយុទ្ធសាស្ត្រ ដែលត្រួវចងទៅដោយកត្តាភូមិសាស្ត្រ ដែលមិនអាចដោះចំណងចេញ បានមកពីមានជញ្ជីងអំណាច និងដោយមានការប្រែប្រួល វិវត្តន៍ជានិច្ចនៃភូមិសាស្រ្ត យុទ្ធសាស្រ្តរបស់តំបន់នេះ។

          ការវាយប្រហាររបស់អាមេរិកមកលើ Venezuala មិនមែនដើម្បីប្រែក្លាយអាមេរិក ឱ្យក្លាយទៅជាមហាអំណាចផុតលេខ ស្របទៅតាមបរិបទថ្មីនោះទេ ព្រោះអាមេរិកគឺជាអធិរាជរូចទៅហើយ តែការវាយប្រហារ Venezuala គឺដើម្បីធ្វើកុំឱ្យអនុភាពអំណាចផុតលេខ របស់អាមេរិក មានការរង្គុះរង្គើ ក្នុងដំណាក់កាល ដែលរបៀបរបបសណ្ដាប់ធ្នាប់ចាស់ បាននឹងកំពុងធូររលុងនោះ។ ជាអកុសល ទីតាំងភូមិសាស្រ្ត Venezuala បានស្ថិតនៅចំណុចប្រសព្វ នៃគោលដៅ២យ៉ាង ដែលទោះបីមហាអំណាចណាមួយ ក៏ត្រូវរក្សាអោយបាន គឺពង្រឹងថាមពលលំហរ នៃយុទ្ធសាស្ត្រនយោបាយ ក្នុងអឌ្ឍគោលខាងលិច និងជាកំពែងការពារ សត្រូវពីចម្ងាយ។

        និយាយដល់បញ្ហាប្រេង នឹកគិតដល់ប្រទេសរុស្ស៊ី ដែលបច្ចុប្បន្ននេះរុស្ស៊ីទាំងមូល រស់ទ្រាំទ្របានដោយសារ ការនាំ ថាមពលចេញទៅក្រៅ! ជារួមថវិការជាតិរបស់រុស្ស៊ី ដែលអាចទ្រទ្រង់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បានអស់រយៈកាល ៤ឆ្នាំគឺបានមកពីប្រេង! ក៏ប៉ុន្តែចំណុចដែលជាគុណវិបត្តិរបស់រុស្ស៊ី គឺការមិនអាចគ្រប់គ្រងតម្លៃប្រេងបាន ព្រោះនៅពេលដែលតម្លៃប្រេងធ្លាក់ថ្លៃ មកត្រឹម៣៥ដុល្លារ គឺរុស្ស៊ីឥតដួលរលំទេ តែធនាគាជាតិរបស់រុស្ស៊ី ចាប់ផ្ដើមហូរឈាមហើយថវិការបម្រុងជាតិត្រូវខើចទៅៗ ដោយមានការចំណាយដ៏មហិមា មកលើសកម្មភាពយោធា ដែលថវិកា ត្រូវបានដកហូត កាត់ចេញពីអត្ថប្រយោជន៍ នៃសុខមាលភាពសង្គម យកមកប្រើប្រាស់ក្នុងការចំណាយនោះ!។ ដូច្នោះក្នុងករណីដែលសហរដ្ឋអាមេរិក គ្រប់គ្រងបានមកលើ ប្រភពប្រេងរបស់ Venezuala មានន័យថាអាមេរិកត្រួតត្រា បានតម្លៃប្រេងដែលប្រការមួយនេះ នឹងជះឥទ្ធិពលផ្ទាល់មកលើ ខឿនសេដ្ឋកិច្ចរបស់រុស្ស៊ី ដែលរស់ពឹងផ្អែកមកលើតែប្រេង ហើយចំណុចនេះ មិនមែនត្រឹមតែរុស្ស៊ីមួយទេ សូម្បីតែពួក OPEC ក៏មានការលំបាកផងដែរ។

          នៅលើក្ដាអុកនយោបាយនៃ ភូមិសាស្ត្រយុទ្ធសាស្ត្រនេះ មិនត្រឹមតែមានរុស្ស៊ីមួយនោះទេ ថែមទាំងមានចិនមួយទៀត ទើបគ្រប់គា្រន់ក្នុងក្ដាអុកមួយដ៏ធំនេះ។ ជាការពិតសហរដ្ឋអាមេរិក សំដៅមកលើចិនខ្លាំងជាងក្នុងតំបន់មួយនេះ ដោយចិនចំពោះមុខមិនត្រូវការ Venezuala ដើម្បីប្រេងតែត្រូវការ Venezuala ជាទីតាំងក្នុងភូមិសាស្ត្រនយោបាយ! ព្រោះ Venezuala ជាប្រទេសធំមួយ នៅអាមេរិកខាងត្បូង មានទីតាំងស្ថិតនៅ Carible និងស្ថិតនៅចំច្រកទ្វាចេញចូល តំបន់អាមេរិកកណ្ដាល ដែលជាតំបន់មានឥទ្ធិពលយ៉ាងឯកសិទ្ធិ នៃប្រវត្តិសាស្ត្រដាច់ខាត និងដាច់មុខរបស់ក្រុង Washington នោះ។

     ប្រការដែលចិន បោះទុន៦០ពាន់លានដុល្លារ ចូលមកក្នុង Venezuala មិនមែនមកពីចិនជឿជាក់មកលើ របបនយោបាយរបស់ Maduro នោះទេ! តែអ្នកយុទ្ធសាស្ត្រយោធារបស់ចិនមើលឃើញថា នរណាដែលឈរជើង បាននៅក្នុងតំបន់អឌ្ឍគោលខាងលិច(Western Hemisphere) គឺអ្នកនោះអាចចូល ដោយដើរផ្លូវកាត់ចូល ទៅក្នុងទឹកដីអាមេរិកបាន។ Venezuala អាចជាដងទង់ជាតិចិន ដែលបានបង្ហូតឡើងនៅក្នុងផ្ទះបាយ របស់អាមេរិក ដែលសកម្មភាពនេះ ជាងមួយទស្សវត្សន៍មកហើយ ឥតទាន់មានប្រទេសយក្សណាមួយ ធ្វើបានយ៉ាងដូច្នោះក្រៅពីចិនឡើយ។ អាចនិយាយបានថាការវាយប្រហារ មកលើ Venezuala របស់អាមេរិក អាចជាចំណុចចាប់ផ្ដើមនៃការលុបបំបាត់ឬប្លន់ទាំងស្រុងនូវទុនមួយយ៉ាងធំរបស់ចិនដែលបានដាក់ចូលមកប្រទេស Venezuala និងក្នុងតំបន់អាមេរិកឡាទីនអស់រយៈពេល ១៥ឆ្នាំមកនេះ។

          ក្នុងករណីដែល Venezuala វិលត្រឡប់មកដើរស្របតាម តារាវិថីរបស់អាមេរិក ជាធម្មតាវិញមានន័យថាផលប្រយោជន៍របស់ចិននៅទីនេះត្រូវបានកំចាត់ចេញពីអឌ្ឍគោលខាងលិច ជាយថាភាពនិងមានភាពអាម៉ាស់ជាទីបំផុត ដោយចិនពុំមានសកម្មភាពយោធាណាមួយក្នុងការឆ្លើយតបវិញនោះឡើយ (Sic)។ចិន ពុំមាននាវាផ្ទុកយន្តហោះ ពុំមានមូលដ្ខានយោធា និងពុំមានការធ្វើអន្តរាគមន៍យោធាណាមួយឡើយនៅទីនេះ ដោយនៅសល់តែលុយបានបណ្ដាក់ទុននៅទីនេះ និងបំណុលដែលពុំអាចទាយកទៅជាមួយបាន(Sic) ។ នេះហើយគឺជាមូលហេតុ នៃមូលបទមួយយ៉ាងសំខាន់ដែល Panama, Venezuala, Cuba, Nicaragua ជានិច្ចតែងតែជាឧបសគ្គ នៅក្នុងចក្ខុនយោបាយរបស់អាមេរិក ជាប្រចាំនៅក្នុងតំបន់មួយនេះ ដែលទោះបីជាប្រទេសមួយនោះ ជាសេរីឬជាកម្មុយនីស្ត ជាប្រជាធិបតេយ្យ ឬជាសាធារណៈរដ្ឋ ព្រោះហេតុការណ៍នយោបាយនេះ លែងជាមនោគមវិជ្ជាទៀតហើយ តែនេះគឺជាសភាវៈ នៃការស់រានមានជីវិតរបស់អំណាច នៃអនុត្តរភាពភូមិសាស្ត្រ របស់សតវត្សន៍ទី២១!។

      នៅពេលដែលលែងមាន Maduro របស់ Venezuala ទៀត គឺជាសារដែលផ្ញើរជូនពួកប្រទេសអាមេរិកឡាទីន ដែលនៅសេសសល់ ចាប់មានការលំបាកស្មុគ្រស្មាញដោយ BRICS មិនអាចការពារពួកប្រទេសនេះបាននៅពេល ដែលប្រទេសទាំងនេះ ត្រូវប្រឈមទៅនឹងខាងក្រៅ ក្នុងការរំលោភបំពាន មកលើដែនបន្ទាត់ក្រហមនោះ(Sic)។ នេះអាចជាក្បួនយុទ្ធសាស្ត្រមួយលើផ្នែក ការគំរាមគំហែងនយោបាយ ដោយមិនបាច់ការធ្វើសមយុទ្ធណាមួយទាំងអស់! ដោយពុំចាំបាច់វាយប្រហារមកលើ Mexico, Brazil ឬ Argentina ព្រោះនៅពេលដែលបានឃើញគំរូ Venezuala ដួលរលំជាការបង្ហាញអោយឃើញថា សម្ព័នភាពប្រឆាំងអាមេរិក នៅក្នុងតំបន់នេះ ត្រូវសងនូវតម្លៃមួយដ៏ថ្លៃ នៅពេលដែលពួកគេដាក់ផលប្រយោជន៍ ខុសទីកន្លែងនោះ។

          អាមេរិកខ្លាំងប៉ុណ្ណឹង តែហេតុអ្វីបានជាសហរដ្ឋអាមេរិក មិនចាត់ការបន្តទៀត! ជាមហាអំណាចអនុត្តរភាព អាមេរិកមិនធ្វើផែនការទៅតាមអារម្មណ៍ តែអាមេរិកចាំឃ្លាំមើល នៅពេលណាដែល គូបដិបក្ខទន់ដៃចុះខ្សោយ ដូចជាមើលឃើញរុស្សីបាននិងកំពុងហូរឈាម ចិននិងកំពុងត្រូវហ៊ុំព័ត្រ ដោយកំណើនសេដ្ឋកិច្ចធ្លាក់ចុះ សម្ពាធប្រជាសាស្ត្រ និងឧស្សាហបច្ចេកវិទ្យាមានបញ្ហា គឺពេលនោះហើយដែលអាមេរិកលោតចូលចាត់ការ  Venezuala ជាឧទាហរណ៍ជាក់ស្ដែងបំផុត ដោយមិនចាំបាច់ប្រើអាវុធយុទ្ធភ័ណ្ណ តែប្រើប្រាស់តែការហ៊ុំព័ត្រផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ តថ្លៃ បែកបាក់ផ្ទៃក្នុង គឺជាពេលវេលាមួយដ៏ល្អទុំជោ បើកការវាយប្រហារគឺជាភាពស្រួល តែការកាន់កាប់បានជាវិធានមួយដ៏លំបាកដូចដែលមានមេរៀនស្រាប់នៅ Irak Lybia និង Afghanistan កន្លងមក។

          យុទ្ធសាស្ត្រថ្មីរបស់អាមេរិកនៅទីនេះ គឺអាមេរិកមិនចាំបាច់មានការវាយប្រហារជាទ្រង់ទ្រាយធំលើ Venezuala ដើម្បីធ្វើខ្លួនជាអធិរាជពិភពលោកទេ! នៅពេលដែលរបៀបរបបពិភពលោកបាននិងកំពុងរង្គុះរង្គើហើយនោះ។ នៅលើក្ដាអុកនយោបាយ ការបោះជំហានដ៏គ្រោះថ្នាក់ពុំមែនជាការធ្វើឱ្យខ្លួនយើងកាន់តែខ្លាំងនោះទេ តែជាជំហានដែលបោះទៅមុខធ្វើអោយគូបដិបក្ខ លែងមានច្រកដើរទៅមុខបាន ទើបជាយុទ្ធសាស្ត្រមួយដ៏កំពូលនិងជោគជ័យនៅលើក្ដាអុកនយោបាយមួយដ៏ធំ ដែលមានអ្នកលែងជើងខ្លាំង ៣នាក់ គឺអាមេរិក រុស្ស៊ី និងចិននោះ៕

ដោយ៖ លោក ហើស សិរីធន់ អ្នកសិក្សាស្រាវជ្រាវភូមិសាស្រ្តនយោបាយ

To Top