ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូអះអាងថា កងទ័ពអង់គ្លេស កំពុងមានវត្តមានប្រតិបត្តិការ នៅក្នុងទឹកដីអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងឡុងដ៍ លោក Andrey Kelin បាននិយាយថា ចក្រភពអង់គ្លេស បានផ្តល់ហេតុផលគ្រប់យ៉ាង ដើម្បីចាត់ទុកខ្លួន ជាភាគីនៃជម្លោះអ៊ុយក្រែន រួមទាំងការដាក់ពង្រាយ កងទ័ពនៅសមរភូមិ។

លោកKelin បានប្រាប់ RIA Novosti នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញ ផ្សាយកាលពីថ្ងៃចន្ទថា ការចូលរួមរបស់អង់គ្លេស គឺមានភាពស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្ត ក្នុងការទប់ស្កាត់និងប្រឆាំង ជាមួយនឹងប្រទេសរុស្ស៊ី។

លោក​បាន​ថ្លែង​បន្ត​ថា​៖​ចក្រភព​អង់គ្លេស បាន​ផ្តល់​ទិសដៅ​នយោបាយ ​ដល់​ក្រុង​កៀវ គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​សម្ភារៈ ចែករំលែក​ព័ត៌មាន​សម្ងាត់ អាវុធ រថភ្លើង និង​ការ​ប្រយុទ្ធ​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន និង​រចនាសម្ព័ន្ធ​យោធា​ផ្សេង​ទៀត ។ ដូច្នេយើងមានសិទ្ធិ គ្រប់យ៉ាងដើម្បីចាត់ទុកទីក្រុងឡុងដ៍ ជាភាគីពិតប្រាកដនៃជម្លោះ។

លោក Kelin ក៏បាននិយាយទៀតដែរថា អ្នករៀបចំផែនការយោធាអង់គ្លេស កំពុងឈរជើងនៅស្ថានទូតក្នុងទីក្រុងគៀវ។ ចក្រភពអង់គ្លេសបានគាំទ្រ ដល់ទីភ្នាក់ងារពិសេសរបស់អ៊ុយក្រែន ធ្វើផែនការប្រតិបត្តិការប្រឆាំងនឹងរុស្ស៊ី ហើយបានពង្រីកកម្មវិធីបណ្តុះបណ្តាល Interflex សម្រាប់កងទ័ពអ៊ុយក្រែន នៅចក្រភពអង់គ្លេសរហូតដល់ឆ្នាំ ២០២៦ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top