បាញ់ប្រហារនៅក្នុងសាលារៀនមួយ នៅប្រទេសកាណាដា បណ្តាលឲ្យស្លាប់១០នាក់ រួមទាំងខ្មាន់កាំភ្លើង
បរទេស៖ យោងតាមប៉ូលីស គឺ មានការបាញ់ប្រហារដ៏ធំនៅវិទ្យាល័យមួយក្នុងខេត្ត British Columbia ប្រទេសកាណាដា បានបណ្តាលឱ្យមនុស្សយ៉ាង ហោចណាស់ ១០ នាក់ស្លាប់ រួមទាំងជនសង្ស័យជាអ្នកបាញ់ប្រហារផងដែរ។
យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប៉ូលីសកាណាដា (RCMP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា មនុស្ស៦នាក់ត្រូវបានគេរកឃើញថា ស្លាប់នៅក្នុងសាលាមធ្យមសិក្សា នៅក្នុងទីក្រុងតូចមួយឈ្មោះ Tumbler Ridge ខណៈដែលមនុស្សម្នាក់ទៀតបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។
មនុស្សពីរនាក់ផ្សេងទៀតត្រូវបានគេរកឃើញថាស្លាប់នៅក្នុងផ្ទះមួយដែលប៉ូលីសជឿថាមានទំនាក់ទំនងជាមួយការបាញ់ប្រហារនៅសាលាមធ្យមសិក្សា Tumbler Ridge។ ប៉ូលីសមិនបាននិយាយថាជនរងគ្រោះប៉ុន្មាននាក់អាចជាអនីតិជននោះទេ។
ប៉ូលិសកាណាដា បាននិយាយថា ហេតុការណ៍នេះពាក់ព័ន្ធនឹង “អ្នកបាញ់ប្រហារសកម្មនៅសាលាមធ្យមសិក្សា Tumbler Ridge” ក្នុងខេត្ត British Columbia ហើយថា “បុគ្គលម្នាក់ ដែលគេជឿថាជាខ្មាន់កាំភ្លើង ក៏ត្រូវបានគេរកឃើញថា ស្លាប់ជាមួយនឹងអ្វីដែលហាក់ ដូចជារបួសដែលបង្កឡើងដោយខ្លួនឯង”៕
