កូរ៉េ ផ្ដល់ជំនួយ ៥០ម៉ឺនដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ បង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ សម្រាប់ជំនួយមនុស្សធម៌ចំនួន ៥០០.០០០ ដុល្លារអាម៉េរិក តាមរយៈអង្គការយូនីសេហ្វ (UNICEF) កំពុងប្រតិបត្តិការក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅ នឹងតម្រូវការមនុស្សធម៌នាពេលថ្មីៗនេះ បង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។
យោងតាមសេក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី១១ កុម្ភៈ ថា «ការចូលរួមចំណែកនេះ គឺជាសក្ខីភាពបញ្ជាក់ពីសាមគ្គីភាព និងសមានចិត្តពីរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា»។
ជំនួយនេះ ក៏បានគូសបញ្ជាក់ បន្ថែមទៀតនូវចំណងមិត្តភាពយូរអង្វែង កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន និងសារៈសំខាន់ ដែលភាគីទាំងពីរផ្តល់ដល់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ កម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តាប្រទេស និងអង្គការ ទាំងអស់ដែលបានផ្តល់ជំនួយ និងការគាំទ្រដល់ជនភៀសសឹកកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកនេះ៕
