ព័ត៌មានជាតិ

សម្តេចតេជោ ស្នើក្រុមសម្តែងក្នុងពិធីបុកល័ក្ត រៀបចំកាយវិការនិងពាក្យពេចន៍ ជៀសវាងប៉ះពាល់ សាសនាឥស្លាម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យក្រុមសិល្បៈ ដែលត្រូវសម្តែងក្នុងកម្មវិធីបុកល័ក្ត នៃពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវរៀបចំកាយវិការ និងពាក្យពេចន៍ឡើងវិញ ជៀសវាងការប៉ះពាល់ទៅដល់អារម្មណ៍ អ្នកកាន់សាសនាឥស្លាម ។

ក្នុងខំមិនឆ្លើយតបទៅនឹងមតិរបស់ប្រជាពលរដ្ឋ ចំពោះសាររបស់សម្តេចតេជោ នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហោះទាក់ទងដល់វិធីបុកល័ក្ដ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលទាក់ទងដល់ខ្មែរឥស្លាម សម្តេចតេជោមានប្រសាសន៍ថា ឆ្លងកាត់នូវយោបល់របស់ពលរដ្ឋ ជាខ្មែរឥស្លាមបង្ហាញ ឲ្យឃើញថា ពួកគាត់មិនបានជំទាស់ទៅ នឹងការសម្តែង ដែលមានតួសម្តែងជាខ្មែរឥស្លាមនោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបថសម្តែងខ្លះ ដោយខ្វះការគោរពចំពោះព្រះរបស់ឥស្លាម ទើបធ្វើឲ្យមានប្រតិកម្មជាបន្តបន្ទាប់ ។

សម្តេចតេជោមានប្រសាសន៍ថា ដូច្នេះ ក្រុមសិល្បៈសម្តែងគ្រប់ក្រុមសម្តែងទាំងអស់ ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញ ទាំងកាយវិការ ទាំងពាក្យសំដីនិយាយ ព្រោះពលរដ្ឋឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់ នូវព្រះអាលឡោះ ឬព្រះអាលឡា ដូចនេះ មិនអាចសម្តែងប៉ះពាល់បានទេ ។

ចំពោះការសម្តែងប៉ះពាល់ដល់ សាសនាឥស្លាមនេះ សម្តេចតេជោគូសបញ្ជាក់ថា បញ្ហានេះបានចាប់ផ្តើមចេញ ពីការមិនយល់ពីតួអង្គសម្តែង ឬក្រុមសម្តែង ដែលទាមទារនូវការកែតម្រូវជាបន្ទាន់ ទាំងពាក្យសំដី ទាំងកាយវិការសម្រាប់ការសម្តែងជៀសវាង ឲ្យខាងតែបាននូវពាក្យពេចន៍ ឬកាយវិការខ្វះការគោរព ចំពោះពលរដ្ឋខ្មែរឥស្លាម។

សម្តេចតេជោ បានផ្តាំផ្ញើទៅដល់ពលរដ្ឋខ្មែរ និងខ្មែរឥស្លាមថា សូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ដួង សុគា ដែលពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលស្គាល់សមត្ថភាព នូវការសម្តែងផ្នែកសិល្បៈដ៏រស់រវើកប្រចាំប្រទេស បានសម្តែងកាយវិការ និងពាក្យពេចន៍មួយចំនួន ប៉ះពាល់ទៅដល់អារម្មណ៍ អ្នកកាន់សាសនាឥស្លាមក្នុងកម្មវិធីបុកល័ក្ត ក្នុងពិធីមង្គលការរបស់គូស្វាមីភរិយាថ្មៅងថ្មី កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែបន្ទាប់ពីដឹងថា បានធ្វើឲ្យប៉ះពាល់ដល់ អ្នកកាន់សាសនាឥស្លាមលោក ដួង សុគាក៏បានចេញមុខសុំទោស ទៅដល់ពលរដ្ឋខ្មែរ-ឥស្លាមផងដែរ ៕

To Top