ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងពិធីអបអរសាទរទិវិជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី១១ ក្នុងខេត្តកំពង់ចាម ធ្វើនៅក្នុងបរិវេណសាលាខេត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានក្រើនរំលឹកឲ្យមន្ត្រីតាមបណ្ដាមន្ទីរ អង្គភាព ក៏ដូចជាប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យ និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្ការនៃគ្រោះអគ្គីភ័យនេះផងដែរ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់ជារៀងរាល់ឆ្នាំយក ថ្ងៃទី ២២ ខែកុម្ភៈ ជាទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ដើម្បី ជាការ ក្រើនរំព្ញកឱ្យយើងទាំងអស់គ្នាមានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ ដែលបង្ករឡើងដោយអគ្គីភ័យ ព្រោះថាអគ្គីភ័យវាអាចបង្ករមហន្តរាយដ៏ធំធេងបណ្តាល ឱ្យខូចខាត និងបាត់បង់នូវសម្ភារ:ថវិកា ទ្រព្យសម្បត្តិផ្សេងៗទៀតដែលយើងបានខិតខំកសាងកន្លងមក ធ្វើឱ្យប៉ពាល់ដល់សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ ទៅតាមទំហំនៃការបផ្លិចបំផ្លាញរបស់វា ប្រសិនបើយើង មានការធ្វេសប្រហែស។

លោកអភិបាលខេត្តបានរំលឹកផងដែរថា ក្នុងឆ្នាំ២០២៥ កន្លងមក នេះ ករណីអគ្គីភ័យមានរហូតដល់ទៅ ៤៩លើក បើធៀបក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ១៨លើក បណ្ដាលឱ្យមានមនុស្សស្លាប់២នាក់ រងរបួស៥នាក់ និងខូចខាតជាទឹកប្រាក់ សរុប ប្រមាណជាង ១លាន ៩២ម៉ឺនដុល្លារ ។ ដូច្នេះដើម្បីជៀសផុតនូវ ភ័យន្តរាយនៃគ្រោះអគ្គិភ័យ ក៏ដូចជាបណ្ដាគ្រោះថ្នាក់ផ្សេងៗដទៃទៀត ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាព រដ្ឋបាលខេត្ត ខ្ញុំសូមដាក់ចេញ នូវវិធានការណ៍ និងធ្វើការណែនាំ ជាជំនួយស្មារតី ដល់ការត្រៀមបង្ការ និងពន្លត់ អគ្គិភ័យដូចខាងក្រោម៖

ទី១ ៖ សូមបងប្អូនប្រជាពលរដ្ឋ បងប្អូនជានិយោជក និងយុវជនគ្រប់រូប ត្រូវមានស្មារតី ប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ឱ្យបានគ្រប់គ្នា ព្រោះការងារបង្ការ ទប់ស្កាត់ គ្រោះអគ្គិភ័យ មិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់នោះទេ ប៉ុន្តែ វាជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា ។

ទី២ ៖ នៅគ្រប់លំនៅឋានរបស់បងប្អូនទាំងអស់គ្នាត្រូវតែមានឧបករណ៍បង្ការពន្លត់អគ្គិភ័យ និង ត្រូវត្រៀមឧបករណ៍ សម្ភារៈសាមញ្ញៗដូចជាភួយក្រាស់ៗ ខ្សាច់ មានទឹកបម្រុងទុកពេញពាង បើមានទុយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមទឹកកាន់តែប្រសើរ សម្រាប់ពន្លត់នៅពេលដែល មានភ្លើង ឆេះគ្រាដំបូង ។

ទី៣ ៖ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុត នូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ ភ្លើង ចង្ក្រាន ការដុតទៀន-ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម ។

ទី៤៖ ពេលដែលមានគ្រោះអគ្គិភ័យផ្សេងៗកើតឡើង សូមបងប្អូនទាំងអស់គ្នាប្រញាប់ផ្តល់ ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបងប្អូនបំផុត ដើម្បីសមត្ថកិច្ច ជំនាញជួយអន្តរាគមន៍បានទាន់ពេល វេលានិងមានប្រសិទ្ធភាព ។

ទី៥ ៖ គ្រប់សំណង់ធំ ដែលចាប់ផ្តើមសាងសង់ត្រូវមានប្លង់អនុញ្ញាត ហើយគ្រប់ប្លង់ អនុញ្ញាតសាងសង់ ត្រូវតែមានផ្លូវនីរភ័យសម្រាប់ធ្វើការភៀសខ្លួនដែលមានសុវត្ថិភាព នៅពេលមានអគ្គីភ័យកើតឡើង។ ដោយឡែកចំពោះសំណង់ទាំងឡាយណាដែលបានសាងសង់រួចហើយ តែមិនទាន់មានផ្លូវនីរភ័យទេ ម្ចាស់សំណង់ត្រូវតែឆាប់ធ្វើការកែសម្រួលជាបន្ទាន់ ។ ការចញនូវបទ បញ្ជាបែបនេះមិនមែនជាការកៀបសង្កត់ឬថ្វើបាបបងប្អូនឡើយ ផ្ទុយទៅវិញ គឺដើម្បីធានាសុវត្ថិភាព សម្រាប់បងប្អូនយើងទាំងអស់គ្នា។

ទី៦ ៖ គ្រប់មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ចាប់ពីពេលនេះតទៅត្រូវតែមានឧបករណ៍ សម្រាប់ពន្លត់អគ្គីភ័យ ក្នុងមួយអង្គភាព យ៉ាងហោចណាស់២ បំពុង ហើយត្រូវចាត់តាំងមន្ត្រី ថែរក្សាតាមការណែនាំរបស់មន្ត្រីជំនាញអគ្គីភ័យឱ្យបានជាប់ជាប្រចាំ និងត្រូវបណ្តុះបណ្តាលមន្ត្រី ឱ្យចេះប្រើប្រាស់ឧបករណ៍ទាំងនោះឱ្យបានគ្រប់គ្នា រួមទាំងមន្ត្រីរដ្ឋបាលសាលាខេត្តផងដែរ ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top