ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ស្នើឱ្យដកកងទ័ពដែលឈរជើងនៅតាមព្រំដែនថៃ-កម្ពុជាចេញបន្តិចម្តងៗ ដើម្បីកាត់បន្ថយការចំណាយ

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattaphon Nakpanich បាននិយាយនៅថ្ងៃនេះថា ក្រសួងការពារជាតិបានស្នើឱ្យដកកងទ័ពដែលឈរជើងនៅតាមព្រំដែនថៃ-កម្ពុជាចេញបន្តិចម្តងៗទៅកាន់ក្រុមប្រឹក្សាការពារជាតិ ដើម្បីកាត់បន្ថយការចំណាយ។

យោងតាមសារព័ត៌មានថៃ Thai PBS ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះបាននិយាយថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ វានៅតែមានសារៈសំខាន់ក្នុងការរក្សាវត្តមានយោធាតាមបណ្តោយព្រំដែនដែលភាគច្រើនមិនទាន់បានកំណត់ព្រំដែនរវាងថៃ និងកម្ពុជា ជាពិសេសនៅតំបន់ដែលកងទ័ពថៃដណ្តើមបានពីកងកម្លាំងកម្ពុជាក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកាលពីខែធ្នូ។

លោកបានចង្អុលបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានបញ្ជូនទាហានបន្ថែមទៀតទៅកាន់តំបន់ព្រំដែន ហើយពួកគេជាច្រើនមិនមានវិន័យ និងញុះញង់។

ទោះជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ការរក្សាកងទ័ពតាមបណ្តោយព្រំដែនដែលមានប្រវែង ៧៩៨ គីឡូម៉ែត្រគ្រប់ពេលវេលាគឺមិនអាចទៅរួចទេ ហើយចំណាយច្រើន ដោយបន្ថែមថា លោកបានស្នើឱ្យដកកងទ័ពចេញបន្តិចម្តងៗទៅកាន់ក្រុមប្រឹក្សាការពារជាតិ ខណៈពេលដែលកំពុងកែលម្អរបងព្រំដែន និងសាងសង់ភូមិសម្រាប់អតីតយុទ្ធជនដែលនឹងជួយមើលថែព្រំដែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top