ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រាប់អភិបាល ខេត្តព្រះវិហារ ណែនាំអាជ្ញាធរមូលដ្ឋាន ឱ្យបញ្ឈប់ និងមោឃភាពរាល់លិខិត បញ្ជាក់ការកាន់កាប់ដី ក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អភិបាល ខេត្តព្រះវិហារ ឱ្យណែនាំអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដី ក្នុងតំបន់ការពារធម្មជាតិ និងត្រូវអនុវត្តស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។
ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើង តាមការស្នើសុំរបស់ ក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការ កាន់កាប់រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅភូមិសាស្ត្រភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ដើម្បីធានារក្សាការពារធនធាន ធម្មជាតិ និងជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងតំបន់ ការពារធម្មជាតិស្ថិតក្នុងខេត្តព្រះវិហារ, លោកឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអភិបាលខេត្តព្រះវិហារ ត្រូវចាត់ចែងអនុវត្តការងារ ដូចជា ៖ ត្រូវណែនាំ ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ឱ្យបញ្ឈប់ និងមោឃភាពរាល់លិខិត បញ្ជាក់ការកាន់កាប់ដី ក្នុងតំបន់ការពារធម្មជាតិ
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវអនុវត្ត ស្របតាមក្រមបរិស្ថាន និង ធនធានធម្មជាតិ, ត្រូវពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ស្របតាមស្មារតីនៃលិខិត របស់ ក្រសួងមហាផ្ទៃ៕
