លោក ឃួន ផុនរតនៈ ៖ កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ពិភពលោក នឹងក្លាយជាឱកាសដ៏ល្អ សម្រាប់កម្ពុជា
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈបានលើកឡើងថា កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ពិភពលោក (World Costume Fashion Show) ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខនេះ នឹងក្លាយជាឱកាសដ៏ល្អមួយ សម្រាប់បង្ហាញសម្លៀកបំពាក់ប្រពៃណីកម្ពុជា លើឆាកអន្តរជាតិ ។

ការលើកឡើងរបស់លោកទូតនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងសំណេះ សំណាលការងារជាមួយលោកស្រី Jin Hyang-Ja ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមហាន់ប៊ុកកូរ៉េ (Korea Hanbok Association) នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល ។
ដោយក្នុងឱកាសនោះ លោកស្រី Jin Hyang-Ja ក៏បានអញ្ជើញឯកអគ្គរាជទូត ចូលរួមកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ពិភពលោក World Costume Fashion Show ផងដែរ។

លោកស្រី Jin Hyang-Ja បានជម្រាបឯកអគ្គរាជទូតថា សម្លៀកបំពាក់ប្រពៃណីកូរ៉េ រឺ ហាន់ប៊ុក មានប្រមាណ៨ពាន់ប្រភេទ ដែលប្រជាជនកូរ៉េ យកមកស្លៀកពាក់ទៅតាមជំនាន់ ឬបរិបទនៃកម្មវិធីនីមួយៗ ។
លោកស្រី Jin Hyang-Ja ក៏បានប្រគល់សម្លៀកបំពាក់ប្រពៃណីកូរ៉េហាន់ប៊ុក ជូនឯកអគ្គរាជទូត និងភរិយាសម្រាប់ស្លៀកក្នុងពិធីផ្លូវការនានារបស់កូរ៉េដែរ ៕


