ព័ត៌មានជាតិ

ក្រុមហ៊ុនវាយកូនគោល AROSCO ចង់ប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ កីឡាវាយកូនហ្គោល

ភ្នំពេញ៖ ក្រុមហ៊ុនវាយកូនគោល AROSCO ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស ប្តេជ្ញាជាមួយលោក ហួត ហាក់ ដោយប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនហ្គោល ។

ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោងរៀបចំព្រឹត្តិការណ៍ វាយកូនគោលនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ទៅកាន់ពិភពលោក កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ កីឡាវាយកូនគោល។

លោករដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ន កម្ពុជា មានទីលានវាយកូនគោលចំនួន១១ទីតាំង និងកន្លែងហាត់វាយកូនគោលចំនួន៥ទីតាំង ដែលទទួលបានអាជ្ញាបណ្ណ ពីក្រសួងទេសចរណ៍។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដោយក្រុមហ៊ុនរៀបចំនូវឯកសារទស្សនទាន (concept note) និងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីដាក់មកក្រសួងទេសចរណ៍ ពិនិត្យនិងសិក្សា ជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជាផងដែរ៕

To Top