UPDATE: អ៊ីស្រាអែល ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីបានវាយប្រហារមុនលើប្រទេសអ៊ីរ៉ង់
បរទេស៖ អ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេស បន្ទាប់ពីអ្វីដែលមន្ត្រីបានពិពណ៌នាថា ជាការវាយប្រហារជាមុនលើទីក្រុងតេអេរ៉ង់ ចំពេលមានការភ័យខ្លាចនៃការសងសឹកពីអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកាសនេះបានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអ៊ីស្រាអែល (IDF) បានធ្វើអ្វីដែលលោកហៅថាការវាយប្រហារជាមុនប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានគូសបញ្ជាក់ថា ការវាយប្រហារសងសឹកដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ីស្រាអែល ត្រូវបានគេរំពឹងទុកនាពេលដ៏ខ្លីខាងមុខនេះ។
កងកម្លាំងអ៊ីស្រាអែលបាននិយាយថា ក្នុងរយៈពេលប៉ុន្មាននាទីចុងក្រោយនេះ ស៊ីរ៉ែនបានបន្លឺឡើងទូទាំងប្រទេស អមដោយការជូនដំណឹងជាមុនដែលបានផ្ញើដោយផ្ទាល់ទៅកាន់ឧបករណ៍ចល័ត ដោយណែនាំប្រជាជនឱ្យនៅជិតកន្លែងដែលមានការការពារ។
គោលការណ៍ណែនាំថ្មីរបស់បញ្ជាការកងទ័ពរណសិរ្សមាតុភូមិ ត្រូវបានចេញនៅក្នុងប្រទេសអ៊ីស្រាអែល ដោយហាមឃាត់សកម្មភាពអប់រំ ការជួបជុំសាធារណៈ និងការចូលរួមក្នុងកន្លែងធ្វើការ លើកលែងតែសម្រាប់តែសេវាកម្មចាំបាច់ប៉ុណ្ណោះ។ យោធាអ៊ីស្រាអែលបានសង្កត់ធ្ងន់ថា ការជូនដំណឹងជាមុននេះមានបំណងរៀបចំសាធារណជនសម្រាប់ការបាញ់មីស៊ីលដែលអាចកើតមានមកលើអ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា
