«ខ្មែរជួយខ្មែរ!» ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូនដល់ដៃប្រជាជនក្នុងមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង
បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កៀកមូលដ្ឋានក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យកំរៀង។

វេទិកានេះបានក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ក្នុងការទទួលបានឱកាសការងារក្នុងស្រុកជិត ៣ ០០០ កន្លែងភ្លាមៗ។

វេទិកាការងារដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ចុងសប្តាហ៍ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ខណៈដែលបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកសរុបដល់ទៅ ៨៣ ៧៤៣ កន្លែង កំពុងរង់ចាំផ្តល់ជូននៅទូទាំងប្រទេស។


ក្នុងឱកាសនោះ លោក យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការសម្រេចចិត្តចាប់យកឱកាសការងារក្នុងស្រុក គឺជាជម្រើសដ៏វៃឆ្លាតបំផុតក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរ ព្រោះវាជួយឱ្យបងប្អូនចៀសផុតពីការរើសអើង និងហានិភ័យផ្សេងៗ ហើយអ្វីដែលរឹតតែមានតម្លៃនោះ គឺការបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ។ ជាមួយគ្នានេះ បងប្អូនដែលក្លាយជាបុគ្គលិកកម្មករនឹងទទួលបានអត្ថប្រយោជន៍លើសលប់ពីបណ្ណ ប.ស.ស. ដូចជាការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងការទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ធានាប្រាក់ចំណូលនៅពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។

ទន្ទឹមនឹងការផ្តល់ការងារ ក្រសួងក៏បានជំរុញឱ្យយុវជនចាប់យកឱកាសមាសក្នុងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាកម្មវិធីអាទិភាពខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពយុវជនឱ្យកាន់តែខ្លាំងក្លាដើម្បីសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ។

គួរបញ្ជាក់ផងដែរថា ក្នុងវេទិកាការងារនៅខេត្តបាត់ដំបងនាពេលនេះ មានរោងចក្រ សហគ្រាសធំៗចំនួន ៥ បានចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់សម្រាប់បម្រើការក្នុងប្រទេស ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះក៏មានសមាគម TAFTAC និង តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ បានចូលរួមផ្សព្វផ្សាយពីឧកាសការងាររបស់សមាជិកនៃសមាគម និងរោងចក្រ សហគ្រាសក្នុងតំបន់របស់ខ្លូន។ ក្នុងកម្មវិធីនេះក៏មានក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុនចូលរួមធ្វើការផ្សព្វផ្សព្វពីឧកាសការងារនៅប្រទេសជប៉ុនផងដែរ៕


