ព័ត៌មានជាតិ

បណ្ដេញជនបរទេសចំនួន ១,៥០១នាក់ទៀត ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសនានា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេសចំនួន ១,៥០១នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីប្រព្រឹត្តបទល្មើសនានា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១,៥០១នាក់ (ស្រី ១៦២នាក់) ចេញពីកម្ពុជា។

ជនបរទេសទាំងនោះ មាន ២០សញ្ជាតិ រួមមាន៖ ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន កេនយ៉ា ហ្វីលីពីន បង់ក្លាដេស សិង្ហបូរី វៀតណាម ជប៉ុន នីហ្សេរីយ៉ា កាមេរូន នេប៉ាល់ និងកូរ៉េ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះ មានជនជាតិចិនចំនួន ៦៥៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

To Top