ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ទូទាំងក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំធំអូរចំបក់ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងក្រុងពោធិ៍សាត់ និងបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងក្លឹបគ្រូបង្រៀនប្រចាំក្រុងពោធិ៍សាត់។

លោក ខូយ រីដា បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបជុំជាមួយបងប្អូនលោកគ្រូ អ្នកគ្រូ ក្នុងក្រុងពោធិ៍សាត់របស់យើង។ កិច្ចសំណេះសំណាលនាឱកាសនេះ មិនត្រឹមតែជាការជួបជុំតាមផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់បំផុតចំពោះ “វិស្វករព្រលឹង” ដែលបាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល។

លោកបានជម្រាបជូនថា ការបង្កើត “ក្លឹបគ្រូបង្រៀន” នេះឡើង គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

លោកអភិបាលខេត្ត ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំឱ្យយកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លួនប្រកបដោយព្រហ្មវិហារធម៌ និងបង្កើនសាមគ្គីភាពផ្ទៃក្នុង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានោះ លោក ខូយ រីដា សូមផ្តាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ រក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវធ្វើជាគំរូនៃសាមគ្គីភាព ទាំងក្នុងសាលា និងក្នុងក្លិប, រៀបចំសោភណ្ឌភាព និងបរិស្ថាន ទាំងក្នុងនិងក្រៅសាលាឱ្យបានស្អាតល្អ, បន្តការអភិវឌ្ឍសមត្ថភាព ស្របតាមយុគសម័យឌីជីថល ដើម្បីបណ្ដុះកូនចៅអ្នកពោធិ៍សាត់ឱ្យកាន់តែខ្លាំង, គណៈកម្មការថ្មី ត្រូវរៀបចំផែនការសកម្មភាពឱ្យច្បាស់លាស់ និងបម្រើសមាជិកដោយភាពស្មោះត្រង់៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top