អ៊ីរ៉ង់ អះអាងថា ខ្លួនមានសិទ្ធិគ្រប់យ៉ាង ក្នុងការការពារខ្លួន ដោយសន្យាថានឹងបន្តការប្រយុទ្ធ
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានប្រាប់ ABC News ឧ្យដឹងថា គ្មានមេដឹកនាំប្រទេសណាមួយមានសិទ្ធិប្រាប់អ៊ីរ៉ង់ កុំឱ្យឆ្លើយតបទៅនឹងការវាយប្រហារ តាមអាកាសដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នោះទេ ដោយថា ប្រទេសរបស់លោកមានសិទ្ធិគ្រប់យ៉ាង ក្នុងការការពារខ្លួន ហើយនឹងបន្តប្រយុទ្ធ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងសារមួយនៅព្រឹកថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនគួរសងសឹកឡើយ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ត្រាំ បានសរសេរនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Truth Socialថា “អ៊ីរ៉ង់ទើបតែបាននិយាយថា ពួកគេនឹងវាយប្រហារយ៉ាងខ្លាំង នៅថ្ងៃនេះ ខ្លាំងជាងអ្វីដែលពួកគេធ្លាប់វាយប្រហារពីមុនមក។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនគួរធ្វើបែបនោះទេ ពីព្រោះប្រសិនបើពួកគេធ្វើ យើងនឹងវាយប្រហារពួកគេដោយកម្លាំងដែលមិនធ្លាប់មានពីមុនមក ខ្ញុំមិនគិតថាមេដឹកនាំប្រទេសណាមួយមានសិទ្ធិនិយាយដូច្នេះទេ”។
លោក Araghchi បានលេីកឡេីងថា “យើងកំពុងការពារខ្លួនយើង ហើយយើងមានសិទ្ធិគ្រប់យ៉ាង សិទ្ធិស្របច្បាប់គ្រប់យ៉ាង ដើម្បីការពារខ្លួនយើង អ្វីដែលយើងកំពុងធ្វើគឺសកម្មភាពការពារខ្លួន។ មានភាពខុសគ្នាយ៉ាងខ្លាំងរវាងអ្នកទាំងពីរនេះ”។
លោកបានបន្ថែមថា “យើងកំពុង ការពារខ្លួន ទោះបីវាត្រូវការអ្វីក៏ដោយ ហើយយើងមិនឃើញមានដែនកំណត់ សម្រាប់ខ្លួនយើងក្នុងការការពារ ប្រជាជនរបស់យើង ដើម្បីការពារប្រជាជនរបស់យើងទេ”។
នៅពេលសួរថា តើការចរចាដោះស្រាយជាមួយសហរដ្ឋអាមេរិក នៅតែអាចធ្វើទៅបានឬអត់ លោក Araghchi បានលើកឡើងថា លោកមានការសង្ស័យ ដោយថា កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជា “បទពិសោធន៍ដ៏ជូរចត់” សម្រាប់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
