ព័ត៌មានជាតិ

ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នឹងរៀបចំឡើង នៅភ្នំពេញ រយៈពេល៦ថ្ងៃ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត » នៅរាជធានីភ្នំពេញដែលគ្រោងនឹងប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ។

លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើបទបង្ហាញពីគម្រោងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ធ្វើឡើងដើម្បីជាការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា គឺជាផ្នែកមួយនៃខឿនការពារជាតិ, ការចូលរួមជំរុញចរន្តសេដ្ឋកិច្ច គឺជាផ្នែកមួយ នៃខឿនការជារជាតិ,ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ-Home Coming”
លោកថា ក្នុងព្រឹត្តការណ៍ «នគរសង្រ្កាន្ត» ក៏មានការរៀបចំពិធីសាសនាឧទ្ទិសដល់វីរយុទ្ធជនពលីនិងជនរងគ្រោះ និងបួងសួងសុំសេចក្តីសុខជូនដល់ប្រទេសជាតិ។

ជាមួយនេះ ក៏មានការចែករំលែកប្រាក់ចំណេញទាំងអស់ពីការលក់ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់នឹងជូនទៅជនភៀសសឹក។ ការដឹកនាំចលនាសង្គម “១០០០០ ក្រមា” តំណាងឱ្យក្តីស្រឡាញ់ពីមហាជន,ការផ្ញើបណ្ណជូនពរ និងក្តីនឹករលឹក ជូនដល់វីរកងទ័ពជួរមុខ, ការធ្វើយុទ្ធនាការអំបុក វេចអន្សម និងដុតក្រឡានក្នុងទីតាំងនៃព្រឹត្តិការណ៍ដើម្បីផ្ញើជូនដល់ជួរមុខ,ការសម្តែងសិល្បៈលើឆាកធំ បង្ហាញពីវីរភាពកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី,ការរៀបចំពិធីជួបជុំអបអរបុណ្យចូលឆ្នាំខ្មែរនៅតាមជំរំជនភៀសសឹក,ការសហការរៀបចំផ្ទាំងទស្សនីយភាពស្នាដៃគំនូរ “សិល្បៈដើម្បីសន្តិភាព” រួមជាមួយការតាំងបង្ហាញរូបរចនា និងស្នាដៃវិចិត្រកម្មបំផុសស្មារតីនឹករលឹកដល់វីរយុទ្ធជន និងជនភៀសសឹក។

ព្រឹត្តការណ៍ «នគរសង្រ្កាន្ត» គ្រោងធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងធំៗមួយចំនួនរួមមាន ៖ វត្តភ្នំ, ផ្លូវស្មើជើងចតុមុខ, សួនច្បារ Vattanac Capital Lifestyle មកដល់ផ្សាររាត្រី និងទីតាំងផ្សេងៗមួយចំនួនទៀត។

តាមរយៈព្រឹត្តការណ៍ដ៏សំខាន់នេះ គណៈកម្មការរៀបចំស្នើក្រសួងព័ត៌មាន សមាគមទូរទស្សន៍-វិទ្យុ និងអ្នកសារព័ត៌មាន សារព័ត៌មានគេហទំព័រ ព្រមទាំងមន្ទីរព័ត៌មានរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំទូលាយ ឆ្ពោះទៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមរយៈមាតិកាដែលមានស្រាប់ និងការបង្កើតមាតិកាថ្មីៗបន្ថែមទៀតតាមគ្រប់យន្តការ និងគ្រប់គោលដៅ។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា «នគរសង្ក្រាន្ត» មិនមែនជាព្រឹត្តិការណ៍កម្សាន្តធម្មតាទេ ប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណជាតិ ការរួបរួមរបស់យុវជន និងភាពរស់រវើកនៃរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយកម្មវិធី «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ដោយផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងមានវិជ្ជាជីវៈខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតសម្រាប់រាជធានីភ្នំពេញ និងសម្រាប់ជាតិទាំងមូល។

ចំណែកលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ រៀបចំព្រឹត្តិការណ៍ គូសបញ្ជាក់ដែរថា គម្រោងរៀបចំព្រឹត្តការណ៍ «នគរសង្ក្រាន្ត» គឺគណៈកម្មការរៀបចំបានគិតគូរច្បាស់លាស់នូវអ្វីដែរគួរធ្វើ និងអ្វីដែរមិនគួរធ្វើ ក្នុងពេលប្រតិបត្តិនៃការសប្បាយដោយមិនភ្លេចវីរកងទ័ពជួរមុខ និងជនភៀសសឹកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញនោះឡើយ តែជាការពង្រឹងស្មារតីជាតិ ពង្រឹងអត្តសញ្ញាណជាតិ ហើយផ្សព្វផ្សាយទៅក្រៅប្រទេសនូវអ្វីទៅដែលជាខ្មែរ ៕

To Top