ព័ត៌មានជាតិ

អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ខណៈលោកស្រី បានផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា។

នៅក្នុងឱកាសនៃជំនួប, លោកស្រី និងគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការត្រៀម លក្ខណៈក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ និង បានបញ្ជាក់អំពីការបន្តគាំទ្ររបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងធានាថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកស្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២០នេះ មានសារៈសំខាន់ខ្ពស់ សម្រាប់បណ្តាប្រទេសនិយាយភាសាបារាំង។

ជាមួយកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះ, លោកស្រី មានជំនឿជឿជាក់ថា កិច្ចប្រជុំកំពូលនឹងរៀបចំប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយសង្ឃឹមថានឹងមានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងប្រទេសជាដៃគូជាច្រើននឹងចូលរួម ដែលនេះនឹងបង្ហាញនូវស្មារតីសាមគ្គីភាព និងភាតរភាពក្នុងចំណោមក្រុមប្រទេសនិយាយភាសាបារាំង។

ជាការឆ្លើយតប, សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាមានកិត្តិយស និងរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងបានថ្លែងអំណរគុណចំពោះអគ្គលេខាធិការដ្ឋានហ្វ្រង់កូហ្វូនី ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។

បន្ថែមលើនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំផ្នែកឡូជីស្ទីក, សន្តិសុខ និងកិច្ចការពាក់ព័ន្ធ ដើម្បីធានាបាននូវភាពរលូន និងជោគជ័យនៃការប្រព្រឹតិ្តទៅនៃកិច្ចប្រជុំកំពូលនេះ។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនលោកស្រីផងដែរថា កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ អមចំនួនបី រួមមាន៖ (១) វេទិកាសហគ្រិនភាពហ្វ្រង់កូហ្វូនី, (២) ពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី និង (៣) ពិព័រណ៍បច្ចេកវិទ្យាហ្រ្វង់កូតិច (Franco-Tech)៕

To Top