សម្តេចតេជោ ៖ គោរមងារ ជាសម្តេចសេដ្ឋវិទូភក្តី របស់លោក គាត ឈន់ ពិតជាស័ក្តិសមក្រៃលែង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ប្រមានប្រសាសន៍ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រោសព្រះរាជទានគោរមងារ ជាសម្តេចសេដ្ឋវិទូភក្តី ដល់ឯកឧត្តមគាត ឈន់ដែលមានជន្មាយុ៩១ឆ្នាំ គឺពិតជាស័ក្តិសមក្រៃលែង ។

ក្នុងសារលិខិតអបអរសាទរលោក គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិដែលត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជាសម្តេចសេដ្ឋវិទូតក្តី សម្តេចតេជោ មានប្រសាសន៍ថា ការប្រោសព្រះរាជទាន នូវគោរមងារ ដ៏ថ្លៃថ្លានេះ គឺពិតជាស័ក្តិសមក្រៃលែង ចំពោះសម្តេច ដែលជាឥស្សរជនកម្ពុជាដ៏ឆ្នើម និងកម្រមួយរូប ដែលបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ មានស្មារតីស្នេហាជាតិ មោះមុត ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា ពីសម័យព្រះរាជាណាចក្រកម្ពុជាទី១ ក្រោមព្រះរាជតម្រិះ និងព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ រហូតមកដល់ព្រះរាជាណាចក្រកម្ពុជាទី២នេះ។
សម្តេចតេជោបន្តថា ស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្តេចគាត ឈន់មានស្វាមីភក្តិ ចំពោះរាជបល្ល័ង្ក គោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាពដ៏មានតម្លៃ ការរីកចម្រើនលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ស្ថិរភាព និងសន្តិសុខសង្គមបានល្អប្រសើរ ។
សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចកន្លងមក សម្តេច គាត ឈន់ បានរួមចំណែកដ៏ធំធេង ក្នុងការដឹកនាំអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ ធ្វើឱ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាច្រើនទសវត្សរ៍ រក្សាបានអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យជាតិ ប្រពៃណីវប្បធម៌ និង រាជានិយមដ៏ផូរផង់ និងលើកកម្ពស់ ជីវភាពរស់នៅនិង គុណភាពជីវិតរបស់ប្រជាជន៕
