សម្តេចតេជោ ៖ កម្ពុជា-ថៃ កំពុងខិតខំធ្វើយ៉ាងណា អនុវត្តបទឈប់បាញ់ ឲ្យល្អប្រសើរ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានប្រាប់ទៅលោកស្រី Katharina WIESER ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអូទ្រីស ប្រចាំកម្ពុជាថា កម្ពុជា-ថៃកំពុងខិតខំប្រឹងប្រែងធ្វើយ៉ាងណាអនុវត្តបទឈប់បាញ់ ឲ្យបានល្អប្រសើរ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី Katharina WIESER ចូលជូនសារតាំង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ថា សម្តេចតេជោ បានចែករំលែកអំពីបញ្ហា ដ៏ស្មុគស្មាញរបស់ពិភពលោក ដែលកំពុងតែមានឡើងនាពេលបច្ចុប្បន្ន ប៉ុន្តែឆ្លៀតឱកាសនេះដែរ សម្តេចតេជោ ក៏បានពន្យល់ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងកន្លងមក ទៅកាន់លោកជំទាវផងដែរ។

អ្នកនាំពាក្យគូសបញ្ជាក់ថា “សម្តេចតេជោបានពន្យល់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងកន្លងមកទៅលោកជំទាវ Katharina WIESER ហើយពេលនេះ ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណា នូវការអនុវត្តបទឈប់បាញ់ ឲ្យបានល្អប្រសើរ ឲ្យបានម៉ត់គត់ នៅក្នុងការធានានូវស្ថិរភាពនៅតាមព្រំដែន និងការដោះស្រាយបញ្ហាដោយផ្អែក ទៅលើទិដ្ឋភាពច្បាប់ និងការចរចាគ្នា” ។

សូមបញ្ជាក់ថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ បទឈប់បាញ់ និងគ្រប់ចំណុច នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត ដែលបានធ្វើកាលពីពេលកន្លងទៅ ។ ក្នុងនោះ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក ៕




