ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្ឃឹមថា ពិធីបុណ្យចូលឆ្នាំថ្មី ដែលមកដល់នាពេលខាងមុខ ជាឱកាសជួយកាត់បន្ថយភាពតានតឹងក្នុងសង្គម

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសង្ឃឹមថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមកដល់នាពេលខាងមុខ ជាឱកាសជួយកាត់បន្ថយភាពតានតឹង ក្នុងសង្គម និងអាចចូលរួមជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក ចលនាទេសចរណ៍ផ្ទៃក្នុង។

ក្នុងទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៧ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយការទទួលខុសត្រូវ ត្រូវប្រកាន់យកអភិក្រម «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ-ការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស» ដែលជាការបំពេញបន្ថែម គាំទ្រគ្នាទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «យើងត្រូវប្រើប្រាស់សក្តានុពលសិល្បៈវប្បធម៌ឱ្យបានជាអតិបរមា តាមរយៈការពង្រឹង និងពង្រីកបន្ថែមនូវសកម្មភាព សេដ្ឋកិច្ច ឧស្សាហកម្ម និងទេសចរណ៍ ដែលមានតម្លៃបន្ថែម (VA) ខ្ពស់ជាងមុន ដើម្បីទាញយកប្រយោជន៍ បម្រើដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច» ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមដោយសង្ឃឹមថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខឆាប់ៗនេះ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការីនីទាំងអស់ នឹងមានឱកាសជួបជុំគ្នា ទទួលអំណរឆ្នាំថ្មី ដែលជាការពង្រឹងស្មារតីជាតិយើង តាមរយៈការពង្រឹង អត្តសញ្ញាណ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ ដល់កូនខ្មែរជំនាន់ក្រោយឱ្យបន្តចងចាំ ស្គាល់ច្បាស់ និងការពារនូវអ្វី ដែលជាកេរដំណែលពីដូនតាខ្មែរ។

លោក ក៏បានបញ្ជាក់ថា «នេះក៏ជាការជួយមួយផ្នែក ចូលរួមធានាដល់ការធ្វើប្រក្រតីភាព សកម្មភាពសង្គម សេដ្ឋកិច្ច ដោយអាចឱ្យប្រជាជន យើងមានឱកាសជួបជុំគ្នាបន្ថែម និងអាចបង្កបរិយាកាសសប្បាយរីករាយ និងស្នាមញញឹម ដោយជួយកាត់បន្ថយភាពតានតឹងក្នុងសង្គម និងអាចចូលរួមជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក ចលនាទេសចរណ៍ផ្ទៃក្នុង ដើម្បីជំរុញកំណើន នៃការចំណាយក្នុងស្រុក និងបង្កើនចំណូលបន្ថែម សម្រាប់បងប្អូនអាជីវករ និងសហគ្រាស SMEs ក្នុងស្រុក»៕

To Top