ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចនូវសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងការដោះស្រាយផលប៉ះពាល់ទីតាំងដីសាធារណៈរបស់រដ្ឋ សម្រាប់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវស្អាត

ពោធិ៍សាត់៖ ជាក់ស្តែងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ ជាមួយគ្រួសារចុងក្រោយ ដែលនៅសេសសល់ រហូតឈានដល់ការឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីឈានទៅសម្រេចបានការចាក់ពង្រីកតួផ្លូវ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ចូលតាមផ្លូវជាតិលេខ១០ រហូតដល់វត្តហ្លួង ដោយឆ្លងកាត់ បូជនីយដ្ឋានជាប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង ដែលជាបេះដូងនៃជំនឿសាសនា និងវប្បធម៌របស់បងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់។

ក្នុងដំណើរការអនុវត្តគម្រោង កន្លងមកមានបងប្អូនប្រជាពលរដ្ឋរហូតដល់៩៩.៩% បានបង្ហាញនូវស្មារតីសហការខ្ពស់ ដោយយល់ព្រមរុះរើសំណង់ និងទទួលយកគោលនយោបាយដោះស្រាយដីសម្បទាពីរដ្ឋបាលខេត្ត ដើម្បីប្រយោជន៍រួមនៃសោភ័ណភាព និងការអភិវឌ្ឍខេត្ត។

ទោះបីជាការងារស្ទើរតែសម្រេចបានទាំងស្រុង ក៏នៅសេសសល់គ្រួសារចំនួន០១ ដែលមិនទាន់ឯកភាពទទួលយកការដោះស្រាយ។ ឈរលើគោលការណ៍សន្តិវិធី និងការយោគយល់ខ្ពស់ លោក ខូយ រីដា បានចុះទៅជួបពិភាក្សា និងពន្យល់ដោយផ្ទាល់ជាមួយម្ចាស់ផ្ទះ។

បន្ទាប់ពីការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងយោគយល់ពីផលប្រយោជន៍ជាតិ ម្ចាស់ផ្ទះចុងក្រោយរូបនេះបាន ស្ម័គ្រចិត្តយល់ព្រម ទទួលយកការដោះស្រាយតាមគោលការណ៍របស់ខេត្ត។

ខេម៉ា | ដើមអម្ពិល

អត្ថបទនេះ÷រដ្ឋបាលខេត្តពោធិ៍សាត់

To Top