ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ១០គ្រួសារ នៅឃុំស្វាយទាប ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី ៤ ខែមិនា ឆ្នាំ២០២៦ បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១០ គ្រួសារ នៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ។

បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង បណ្តាលឲ្យរបើកទាំងដំបូលផ្សារហើយធ្វើអោយផ្ទះ ១០ខ្នង ក្នុងភូមិថ្នល់បែកកើត -ភូមិថ្នល់បែកលិច- ភូមិ ថ្នល់បែកជើង និងភូមិស្វាយទាប ត្រូវរបើកដំបូលសង្កសីជាបន្តបន្ទាប់ ប៉ះពាល់កម្រិតមធ្យមផ្ទះ ៤ខ្នង និងកម្រិតស្រាល ៦ខ្នង។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានបានមានប្រសាសន៍ចូលរួមការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ និងបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបីសម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា  តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ”  ។

លោកប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀងផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសឲ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងផលប៉ះពាល់ទាំង ១០គ្រួសារនោះ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ -ទឹកត្រី ១យួរ- ទឹកស៊ីអ៊ីវ ១យួរ និង ឃីត ១សម្រាប់ និង ថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែងមួយចំនួនទៀត ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top