លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួសុខទុក្ខ លោកស្រី សំ សុវណ្ណា ជាភរិយារបស់ លោកអនុអនុសេនីយ៍ទោ ហ៊ីង ធី
កំពង់ស្ពឺ៖ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ បន្តចុះសួសុខទុក្ខ លោកស្រី សំ សុវណ្ណា ដែលត្រូវជាភរិយារបស់ លោកអនុអនុសេនីយ៍ទោ ហ៊ីង ធី អតីតជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដោយបច្ចុប្បន្នគាត់កំពុងរស់នៅក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដែលជាសកម្មភាពមួយ បានស្តែងចេញក្នុងន័យយកចិត្តទុកដាក់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ចំពោះគ្រួសារអតីតចូលសោធននិវត្តន៍ និងគ្រួសារយោធិនដែលបានពលីមរណៈ ដែលមានជីវភាពខ្វះខាត ជួបការលំបាកដោយមិនបានទុកពួកគាត់ចោលឡើយ និងក្នុងន័យមួយទៀតដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ(សន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ)ផងដែរ។

ជាទឹកចិត្តសប្បុរស ក្រោមស្មារតីមនុស្សធម៏ នាពេលសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េងស្រ៊ុន បានឧបត្ថម្ភនូវថវិកាចំនួន៤០០,០០០៛ រួមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកផ្លែឈើ ២កេះ,ភេសជ្ជៈ ១កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរថែមទៀតផង៕





