ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ របស់ គ.ជ.ប

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំ ក្រោមអធិបតីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំរបស់គ.ជ.ប ផែនការតម្រូវការធនធានមនុស្ស ការបណ្តុះបណ្តាលមន្រ្តី បុគ្គលិក ប្រតិទិនសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ឯកសារបោះពុម្ពផ្សាយ និងខ្លឹមសារបដា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈ ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលលើពាក្យពេចន៍ និងបានឯកភាពលើកំណត់ហេតុ នៃកិច្ចប្រជុំរបស់គ.ជ.ប ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សា និងបានសម្រេចឯកភាព លើផែនការតម្រូវការធនធានមនុស្ស និងប្រតិទិននៃការជ្រើសរើស ការតែងតាំង និងការបណ្តុះបណ្តាលមន្ត្រី បុគ្គលិកសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលកាលបរិច្ឆេទនៃសេចក្តីព្រាង ប្រតិទិនប្រជុំ និងបានឯកភាពលើប្រតិទិននៃកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាខ្លឹមសារ និងកែសម្រួលខ្លឹមសារឯកសារ បោះពុម្ពផ្សាយចំនួន ៧មុខ សម្រាប់ផ្សព្វផ្សាយ និងប្រើប្រាស់ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ និងបានសម្រេចឯកភាពលើឯកសារទាំងនោះរួមមាន៖

-គំរូទម្រង់ព្រឹតិ្តបត្រព័ត៌មាន គ.ជ.ប
-សេចក្តីព្រាងសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
-ខិត្តបណ្ណស្តីពីឯកសារ សម្រាប់ប្រើប្រាស់ ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
-បណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ-សៀវភៅអប់រំ សម្រាប់អ្នកចុះឈ្មោះបោះឆ្នោត ដែលមានចំនួន ៣២ ទំព័រ
-ស្ទីគ័រ (Sticker) ស្តីពីកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត
-សឺមីសម្រាប់ដាក់ឯកសារព័ត៌មាន (Press kits)។

៥. របៀបវារៈទី៥៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាលើខ្លឹមសារឯកសារ សម្រាប់ផ្សព្វផ្សាយអប់រំចំនួន ៥ ឯកសារ ដើម្បីប្រើប្រាស់ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ និងបានសម្រេចឯកភាពលើឯកសារទាំងនោះ រួមមានដូចខាងក្រោម៖
-ខិត្តបណ្ណសំណួរ-ចម្លើយ មានចំនួន ៦ សំណួរ-ចម្លើយ
-ខិត្តបណ្ណស្តីពីការបិទផ្សាយ បញ្ជីបោះឆ្នោតផ្លូវការ និងឯកសារពាក់ព័ន្ធក្នុងការ
សុំចុះឈ្មោះបោះឆ្នោត      
-ខិត្តបណ្ណ (Poster) ស្តីពីគំរូប្លង់ការិយាល័យ
-សៀវភៅផ្នត់ស្តីពីគោលដៅ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
-ស្ទីគ័រ (Sticker) អញ្ជើញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

៦. របៀបវារៈទី៦៖ អង្គប្រជុំ គ.ជ.ប បានឯកភាពលើខ្លឹមសារបដាចំនួន ២ ប្រភេទ សម្រាប់ផ្សព្វផ្សាយ នៅទីសាធារណៈក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦៕

To Top