ស៊ីម៉ាក់ ធ្វើបទបង្ហាញជូនប្រតិភូ ១២ប្រទេស ពីប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់ ១២២៣គ្រាប់ ត្រូវបានរកឃើញក្នុងបរិវេណប្រាសាទព្រះវិហារ
ព្រះវិហារ ៖ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង ១២ប្រទេស អំពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់ ចំនួន ១២២៣គ្រាប់ ត្រូវបានរកឃើញក្នុងបរិវេណប្រាសាទព្រះវិហារ ជាគ្រាប់របស់យោធាថៃបានប្រើប្រាស់ ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានកា លពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ»។

មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង ១២ប្រទេស អំពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់ មានចំនួនសរុប ១២២៣គ្រាប់ ត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ ដែលជាគ្រាប់របស់យោធាថៃបានប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។

សូមគូសបញ្ជាក់បន្ថែមផងដែរថា សកម្មភាពបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ (CMAC) ត្រូវបានអនុវត្តឡើងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបានកំណត់ថាជាកិច្ចការចាំបាច់អាទិភាព ក្នុងការធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ៕





