ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា អ៊ីរ៉ង់មិនបានស្នើសុំ ជំនួយយោធា អាវុធ និងជំនួយសម្ភារៈផ្សេងទៀត ពីរុស្ស៊ីឡើយ

បរទេស៖ វិមានក្រឹមឡាំងបានបញ្ជាក់ថា អ៊ីរ៉ង់មិនបានស្នើសុំជាផ្លូវការ សម្រាប់ការផ្គត់ផ្គង់អាវុធ ជំនួយយោធា ឬជំនួយសម្ភារៈផ្សេងទៀតពីរុស្ស៊ីនោះទេ ទោះបីជាមានភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ាដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ។

យោងតាមសារព័ត៌មាន The Whistler ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានជាប្រចាំជាមួយអ្នកយកព័ត៌មាន នៅទីក្រុងមូស្គូ។ នៅពេលសួរថាតើរុស្ស៊ីមានគម្រោងផ្តល់ការគាំទ្រ រួមទាំងការដឹកជញ្ជូនអាវុធទៅឱ្យអ៊ីរ៉ង់ ក្នុងអំឡុងពេលជម្លោះកាន់តែធ្ងន់ធ្ងរឡើងឬអត់នោះ, លោក Peskov បានឆ្លើយតបថា “ក្នុងករណីនេះ មិនមានសំណើ ពីភាគីអ៊ីរ៉ង់នោះទេ ។ ជំហរជាប់លាប់របស់យើង ត្រូវបានគេស្គាល់យ៉ាងច្បាស់ ចំពោះមនុស្សគ្រប់គ្នា ហើយមិនមានការផ្លាស់ប្តូរណាមួយនៅក្នុងរឿងនេះទេ”។

សេចក្តីថ្លែងការណ៍នេះត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ដែលបានដកស្រង់សម្តីលោក Peskov ដោយបញ្ជាក់ថា ទីក្រុងមូស្គូមិនបានទទួលការអំពាវនាវ សុំជំនួយណាមួយឡើយ រួមទាំងការផ្គត់ផ្គង់អាវុធ ពីទីក្រុងតេហេរ៉ង់។

សេចក្តីប្រកាសនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីមានរបាយការណ៍អំពីការវាយប្រហារយោធា និងសកម្មភាពសងសឹកដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

រុស្ស៊ីបានថ្កោលទោសម្តងហើយម្តងទៀតចំពោះប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ថាជា “ការឈ្លានពាន” និងការរំលោភលើអធិបតេយ្យភាពអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ត្រូវបានចោទសួរចំពោះការអះអាងថា អ៊ីរ៉ង់កំពុងបន្តផលិតអាវុធនុយក្លេអ៊ែរ ដែលជាយុត្តិកម្មសំខាន់មួយ ដែលត្រូវបានលើកឡើងសម្រាប់ការវាយប្រហារនេះ ដោយបញ្ជាក់ថា ទីក្រុងមូស្គូមិនបានឃើញភស្តុតាង ជាក់ស្តែងណាមួយដើម្បីគាំទ្រការចោទប្រកាន់នេះទេ។

រុស្ស៊ីបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងបានផ្តល់ជូនការសម្របសម្រួលដែលមានសក្តានុពលតាមរយៈបណ្តាញការទូត ឬអង្គការសហប្រជាជាតិ ដោយព្រមានថា ជម្លោះដែលអូសបន្លាយអាចបង្កឱ្យមានអស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top