ផ្ទះចំនួន២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹក ដែលរងការហ៊ុមព័ទ្ធ ដោយកងទ័ពថៃ
ឧត្ដរមានជ័យ៖ ផ្ទះចំនួន២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹក ដែលរងការហ៊ុមព័ទ្ធ ដោយកងទ័ពថៃក្នុងខេត្តឧត្ដរមានជ័យ។

តាមរយៈសំណេរអមដោយរូបភាពជាច្រើនសន្លឹក លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា «ការខិតខំយ៉ាងសស្រាក់សស្រាំ នាពេលកន្លងមករហូតដល់ពេលនេះ ផ្ទះចំនួន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ»។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាធំ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ លោក មាន ចាន់យ៉ាដា និងក្រុមការងារបានរៀបចំពិធី ចាប់ឆ្នោតបែងចែកផ្ទះ ជូនប្រជាពលរដ្ឋភៀសសឹក ដែលរងការហ៊ុមព័ទ្ធ ដោយកងទ័ពថៃ ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមានសមាសភាព ចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយសេចក្ដីរីករាយ។

គួរបញ្ជាក់ថា ដើម្បីធានាបាននូវយុត្តិធម៌ និងតម្លាភាព រដ្ឋបាលខេត្តបានរៀបចំយន្តការ «ចាប់ឆ្នោត» ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង។ ម្យ៉ាងទៀតផ្ទះទាំង២០៣ ខ្នងនេះត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន៕



