កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដែលបង្កើនភាពតានតឹងក្នុងតំបន់
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដែលបង្កើនភាពតានតឹងក្នុងតំបន់ ចំពេលមានការព្រួយបារម្ភពីប្រទេសជិតខាង។
យោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា សមយុទ្ធសង្គ្រាមនិទាឃរដូវប្រចាំឆ្នាំ ដែលមានឈ្មោះថា Freedom Shield (FS) នឹងបន្តរយៈពេល ១១ថ្ងៃ រហូតដល់ថ្ងៃទី១៩ ខែមីនា។
ក្នុងអំឡុងពេលសមយុទ្ធនេះ សមយុទ្ធហ្វឹកហ្វឺនវាលចំនួន ២២ ដែលពាក់ព័ន្ធនឹងសមយុទ្ធកងទ័ពពិតប្រាកដនឹងត្រូវធ្វើឡើង នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចំនួនសមយុទ្ធហ្វឹកហ្វឺនវាលត្រូវបានកាត់បន្ថយមកត្រឹមតិចជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងសមយុទ្ធ FS កាលពីខែមីនា ឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលលើការបំបែកសមយុទ្ធបែបនេះពេញមួយឆ្នាំ។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានទទូចថា សមយុទ្ធរួមគ្នានេះមានលក្ខណៈការពារ ប៉ុន្តែសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានថ្កោលទោសវាថាជាការហាត់សមសម្រាប់ការឈ្លានពានទៅភាគខាងជើង៕
ប្រែសម្រួល ឈូក បូរ៉ា
