ភាគីពាក់ព័ន្ធអន្តរជាតិ នឹងរាយការណ៍ទៅរដ្ឋាភិបាលរៀងៗខ្លួន ពីភាគីថៃបំពានកម្ពុជា
ភ្នំពេញ៖ នៅចំពោះមុខលោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ភាគីពាក់ព័ន្ធអន្តរជាតិបានសម្តែងការភ្ញាក់ផ្អើលចំពោះការរំលោភបំពានដែនអធិតេយ្យភាពកម្ពុជាពីសំណាក់ពីភាគីថៃ និងបានសន្យថា នឹងរាយការណ៍ទៅរដ្ឋាភិបាលរៀងៗខ្លួនអំពីសកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្តីពីលទ្ធផលនៃបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងបេសកកម្មនេះ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានជួបពិភាក្សាទ្វេភាគីចំនួន២៩ជំនួប ជាមួយភាគីសំខាន់ៗ ។

ក្នុងជំនួបទាំងនោះ ទេសរដ្ឋមន្ត្រីគូសបញ្ជាក់អំពីសកម្មភាពនានារបស់ភាគីថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ៖ ការបិទព្រំដែនជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុនពីសំណាក់យោធាថៃ , ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា , ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ , ការប្រើប្រាស់សំឡេងមានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ ដើម្បីរំខានដល់ផ្លូវចិត្ត ប្រជាជននៅតាមព្រំដែន , ការវាយប្រហារដោយមិនរើសគោលដៅដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក , ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែងតាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយដាក់ឈ្មោះផ្លូវថ្មីក្នុងតំបន់ឈ្លានពាននិងបន្ត កាន់កាប់ដោយខុសច្បាប់ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដែលធ្វើឱ្យជនភៀសសឹកប្រមាណ ៨០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបានដោយសុវត្ថិភាព។

ជាការឆ្លើយតប ភាគីពាក់ព័ន្ធបានសម្តែងការភ្ញាក់ផ្អើល និងសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល រៀងៗខ្លួន អំពីព័ត៌មានដ៏សំខាន់នេះ។ ទន្ទឹមនេះ ភាគីទាំងអស់ក៏បានផ្តល់យោបល់ និងបទពិសោធល្អៗ ផ្សេងៗគ្នាជាច្រើន ដែលជាគន្លឹះក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ច្បាប់ សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងដើម្បីធានាដល់ការគោរពអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ការបន្តការពិភាក្សាតាមយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕
