ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ និងទីក្រុង Rochester សហរដ្ឋអាមេរិក ចុះ MoU បង្កើតទីក្រុងសម្ព័ន្ធមេត្រីភាព ដើម្បីជំរុញសេដ្ឋកិច្ច និងសុខាភិបាល

ត្បូងឃ្មុំ៖ ក្នុងជំហានប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) បង្កើតទំនាក់ទំនង “ទីក្រុងសម្ព័ន្ធមេត្រីភាព” (Sister City) ជាមួយទីក្រុង Rochester រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច អប់រំ និងសុខាភិបាល។

លោក ប៉ែន កុសល្យ អភិបាលខេត្ត បានគូសបញ្ជាក់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃខេត្តត្បូងឃ្មុំ ដែលបច្ចុប្បន្នមានទំហំសេដ្ឋកិច្ច (GDP) ប្រមាណ ១.៦៦០លានដុល្លារ។ ខេត្តនេះមានភាពលេចធ្លោលើវិស័យកសិ-ឧស្សាហកម្ម ដោយមានផ្ទៃដីដាំដុះកៅស៊ូជាង ៨ម៉ឺនហិកតា រួមទាំងស្វាយចន្ទី ម្រេច និងដំឡូងមី ដែលជាផលិតផលនាំចេញដ៏សំខាន់។ ក្រៅពីនេះ ខេត្តមានក្រុមហ៊ុនវិនិយោគធំៗចំនួន ៤២ និងមានច្រកទ្វារព្រំដែនចំនួន ០៧ កន្លែង ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន។

វិស័យយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាបើកទ្វារសហការលើវិស័យសំខាន់ៗចំនួន ៣៖
-វិស័យសុខាភិបាល៖ ការចែករំលែកបទពិសោធន៍ពីស្ថាប័នវេជ្ជសាស្ត្រឈានមុខរបស់ក្រុង Rochester ដើម្បីលើកកម្ពស់គុណភាពព្យាបាលក្នុងខេត្ត។
-វិស័យអប់រំ និងវប្បធម៌៖ ការជំរុញការផ្លាស់ប្តូរការសិក្សារវាងសិស្សានុសិស្ស និងយុវជននៃតំបន់ទាំងពីរ។
-វិស័យសេដ្ឋកិច្ច និងកសិកម្ម៖ ការទាក់ទាញវិនិយោគទុនពីសហរដ្ឋអាមេរិក និងការនាំចូលបច្ចេកទេសកសិកម្មទំនើបមកកាន់ខេត្តត្បូងឃ្មុំ។

លោកស្រី ប៊ិនលី សុគន្ធា តំណាងភាគីទីក្រុង Rochester បានចាត់ទុកទំនាក់ទំនងនេះថាជា “ស្ពានចម្លង” ដ៏រឹងមាំរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់យុវជន និងសហគ្រិននៃសហគមន៍ទាំងពីរ។

ជាមួុយគ្នានោះ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនគួរឱ្យមោទនៈ។ ឯកឧត្តមបានបន្ថែមថា នេះគឺជាសមិទ្ធផលកើតចេញពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋ៕

ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top