តំណាងលោករដ្ឋមន្តី្រក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ពោធិ៍សាត់÷ លោក ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិបឹងក្រាញ់ និងភូមិកំពង់រការ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

នាឱកាសបើកការដ្ឋាននេះ ក៏មានការអញ្ចើញចូលរួមផងដែរពីសំណាក់ លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់,តំណាងនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទក្រុមការងារ គ.ត.វ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ,លោក ធឹម សុធារ៉ា ប្រធានមន្ទីរនិងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់,លោកអភិបាលនៃគណៈអភិបាលស្រុកកណ្តៀង លោកមេឃុំ មេភូមិ និងប្រជាជនពលរដ្ឋដែលរស់នៅសងខាងផ្លូវ១ខ្សែនេះ។

ក្នុងឱកាសនោះលោករដ្ឋលេខាធិការ បានជម្រាបជូននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានចក្ខុវិស័យធ្វើអោយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។

ហើយដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ហើយក្រសួងអភិវឌ្ឍន៍ជនបទមានកម្មវិធីអាទិភាពចំនួន៥គឺ៖
១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់
២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន
៣. អភិវឌ្ឍន៍សហគមន៍ជនបទឌីជីថលនិងចលនាភូមិគំរូ
៤. លើកកម្ពស់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
៥. គ្រប់គ្រងស្ថាប័ន កិច្ចការរដ្ឋបាលទូទៅ និងឌីជីថល។

ជាចុងបញ្ចប់ លោករដ្ឋលេខាធិការ ក៍បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានផ្សេងៗ ដែលបង្កឡើងជាយថាហេតុក្នុងអំឡុងពេលនៃដំណើរការសាងសង់ និងសំណូមពរឱ្យអាជ្ញាធរភូមិឃុំស្រុកខេត្ត ក៏ដូចជាប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងារអនុវត្តគម្រោង និងក្រុមកងវិស្វកម្មក្រសួងការពារជាតិ ធ្វើយ៉ាងណាឱ្យការងារសាងសង់ផ្លូវនេះដំណើរការទៅដោយរលូន និងជោគជ័យ៕





ប្រភព&រូបភាព÷មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោអិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
