ព័ត៌មានអន្តរជាតិ

បារាំងនឹងដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿង ទៅកាន់សមុទ្រមេឌីទែរ៉ាណេ សមុទ្រក្រហម និងអាចទៅច្រកសមុទ្រហ័រមូសថែមទៀត

បរទេស៖ ប្រទេសបារាំងកំពុងដាក់ពង្រាយនាវាកងទ័ពជើងទឹកប្រហែលជាងដប់គ្រឿង រួមទាំងក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះរបស់ខ្លួន ទៅកាន់សមុទ្រមេឌីទែរ៉ាណេ សមុទ្រក្រហម និងអាចជាច្រកសមុទ្រហ័រមូសថែមទៀត ដែលជាផ្នែកមួយនៃការគាំទ្រការពារដល់សម្ព័ន្ធមិត្តដែលរងការគំរាមកំហែងដោយជម្លោះនៅមជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន THE JAPAN TIMES ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ថ្លែងនៅប្រទេសស៊ីប មុនពេលទៅទស្សនានាវាផ្ទុកយន្តហោះ Charles de Gaulle ដែលបានមកដល់ចុងសប្តាហ៍នេះនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្យាយាមធានាដល់សមភាគីស៊ីបរបស់លោក បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកត្រូវបានស្ទាក់ចាប់បាន ពេលហោះឆ្ពោះទៅកាន់កោះនេះកាលពីសប្តាហ៍មុន។

លោក Macron បាននិយាយបន្ទាប់ពីជួបជាមួយប្រធានាធិបតី Nikos Christodoulides និងនាយករដ្ឋមន្ត្រីក្រិក Kyriakos Mitsotakis នៅទីក្រុង Paphos ប្រទេសស៊ីប ថា “នៅពេលដែលស៊ីបត្រូវបានវាយប្រហារ នោះអឺរ៉ុបក៏ត្រូវបានវាយប្រហារផងដែរ”។

រដ្ឋអឺរ៉ុបភាគច្រើនត្រូវបានទុកចោល ខណៈដែលជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់បានកើនឡើង ដោយវាយប្រហាររដ្ឋអារ៉ាប់ឈូងសមុទ្រ និងបានអូសទាញប្រទេសលីបង់ចូលទៅក្នុងខ្សែបន្ទាត់ភ្លើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែល៕

ប្រែសម្រួលៈ ណៃ តុលា

To Top