លោក Putin និងលោក Trump ទំនាក់ទំនងតាមទូរស័ព្ទ ជុំវិញបញ្ហានៅអ៊ីរ៉ង់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោកDonald Trump ។
ព័ត៌មាននេះត្រូវបានបញ្ជាក់ ដោយជំនួយការវិមានក្រឹមឡាំង លោក Yury Ushakov បានប្រាប់អ្នកសារព័ត៌មាន។ លោកបាននិយាយថា ប្រធានាធិបតីអាមេរិកបានផ្តួចផ្តើមការហៅទូរស័ព្ទ ដើម្បីពិភាក្សាអំពីការវិវត្តន៍ចុងក្រោយរបស់អន្តរជាតិ។
ការសន្ទនាបានផ្តោតលើជម្លោះអ៊ីរ៉ង់ និងកិច្ចចរចាត្រីភាគីរវាងទីក្រុងមូស្គូ វ៉ាស៊ីនតោន និងគៀវ ក្នុងគោលបំណងដោះស្រាយជម្លោះអ៊ុយក្រែន នេះបើយោងតាមជំនួយការ ដដែលបានបញ្ជាក់។
លោក Ushakov បាននិយាយថា ការសន្ទនា រវាងប្រធានាធិបតីទាំងពីរគឺដូចជាអាជីវកម្ម បើកចំហ និងទទួលបានភាពស្ថាបនា ដោយបន្ថែមថា មេដឹកនាំទាំងពីរបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ ក្នុងការបន្តទំនាក់ទំនងជាប្រចាំ។
ប្រភពដដែលបានឲ្យដឹងដឹងទៀតថា មេដឹកនាំរុស្សីលោក Putin និងប្រធានាធិបតីអាមេរិកលោក Trump បានជជែកគ្នាប្រហែលមួយម៉ោង។
ប្រធានាធិបតីអាមេរិកបានបញ្ជាក់ជាថ្មី ពីចំណាប់អារម្មណ៍របស់ក្រុងវ៉ាស៊ីនតោន ក្នុងការមើលឃើញអរិភាពរវាងក្រុងមូស្គូ និងក្រុងគៀវបញ្ចប់ និងឈានដល់ការដោះស្រាយជម្លោះអ៊ុយក្រែនយូរអង្វែង ។ លោក Putin បានថ្លែងអំណរគុណ ចំពោះលោក Trump សម្រាប់ការបន្តកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់រដ្ឋបាលរបស់លោក នេះបើយោងតាមលោក Ushakov គូសបញ្ជាក់បន្ថែម៕
ប្រែសម្រួល៖ស៊ុនលី
