លោក ខូវ មាស អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញ
ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្រ្តីជំនាញតាមគោលដៅចុះតំបន់ជុំវិញបឹងទន្លេសាប ចូលរួមប្រជុំស្តីពី ការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដឹកនាំ ដោយលោក ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងលោក លឹម សុខតូ អភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថែមទាំងមានការចូលរួមមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប និងមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប នារសៀលថ្ងៃ១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរជំនាញពាក់ព័ន្ធមានដូចជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ រួមទាំងអាជ្ញាធរស្រុកឃុំពាក់ព័ន្ធតំបន់បឹងទន្លេសាប ដែលមានសមាសភាពសរុបចំនួន ៤៣រូប។

គោលបំណងនៃកិច្ចប្រជុំ៖
- បទបង្ហាញដោយមន្រ្តីជំនាញអាជ្ញាធរទន្លេសាប អំពីផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ក្នុងតំបន់រងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
- ពិភាក្សាប្រមូលធាតុចូលពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ព្រមទាំងធ្វើការកែលម្អផែនការអនុវត្តឱ្យសមស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន
- ចែករំលែកព័ត៌មានទិន្នន័យពាក់ព័ន្ធ បទពិសោធន៍ និងបច្ចេកទេស នៃការដាំស្តារព្រៃលិចទឹកប្រកបដោយប្រសិទ្ធភាព។

ជាលទ្ធផលអង្គប្រជុំ បានពិភាក្សាយ៉ាងផុសផុល និងផ្តល់ធាតុចូលល្អៗ ហើយជាចុងក្រោយ អាជ្ញាធរទន្លេសាបសំណូមពរឱ្យឃុំស្រុកដែលពាក់ព័ន្ធក្នុងតំបន់៣ នៃបឹងទន្លេសាប ធ្វើការកំណត់ទីតាំងអាទិភាពក្នុងការដាំស្តារឡើងវិញ ដើម្បីជួយសម្រួលដល់ក្រុមការងារជំនាញ របស់អាជ្ញាធរទន្លេសាប ពេលចុះអនុវត្តការងារ។ ជាទិសដៅបន្តក្រុមការងារនឹងចុះពិនិត្យ ទៅលើតំបន់អាទិភាពជាក់ស្តែង ក្នុងការដាំស្តារព្រៃលិចទឹកឡើងវិញ ដើម្បីដាក់ចូលក្នុងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់៕



ប្រភព&រូបភាព÷មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
