សម្តេច ឃួន សុដារី ៖ ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ
ភ្នំពេញ ៖ ប្រធានរដ្ឋសភា សម្តេចធិបតី ឃួន សុដារី មានប្រសាសន៍ថា ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ។

ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សម្តេច ឃួន សុដារី មានប្រសាសន៍ថា ភាពធន់ជាតិ គឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិ ក្នុងការទប់ទល់រាល់វិបត្តិដែលកើតឡើងជាយថាហេតុ ក៏ដូចជាការស្ដារឡើងវិញនូវស្ថានភាពជាតិឱ្យមានភាពល្អប្រសើរឡើងឆាប់រហ័ស ហើយបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនសម្រាប់ថ្ងៃអនាគត។

សម្តេចបន្តថា ដើម្បីសម្រេចបាននូវភាពធន់នេះ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ រួមជាមួយនឹងប្រសិទ្ធភាពនិងសមត្ថភាពនៃស្ថាប័នជាតិ ព្រមទាំងទស្សនវិស័យជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់។
សម្តេចធិបតីប្រធានព្រឹទ្ធសភាបន្ថែមថា ការរៀបចំសិក្ខាសាលានេះឡើង គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ដើម្បីឈានទៅសម្រេចបានបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលមានរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ហើយមានភាពធន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។
សិក្ខាសាលានេះរៀបចំឡើង ស្របពេលដែលពិភពលោកកំពុងច្របូកច្របល់ ហ៊ុមព័ទ្ធដោយសង្គ្រាម ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផលិតកម្ម ថាមពល ឧស្សាហកម្ម កសិកម្ម ស្បៀង និងអាកាសចរណ៍ ជាដើម។ លើសពីនេះ កម្ពុជាក៏បាន និងកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានប្រដាប់អាវុធធុនធ្ងន់ ឃោរឃៅ ព្រៃផ្សៃ រំលោភច្បាប់អន្តរជាតិ ពីប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចរបស់ជាតិ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងកាលៈទេសៈបែបនេះ ក្នុងនាមតំណាងរាស្ត្រ ដែលតំណាងឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ហើយគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមដឹកនាំនាវាកម្ពុជាឆ្លងកាត់ព្យុះភ្លៀង បោះពួយទៅមុខ ដោយមានទំនុកចិត្ត និងភាពប្រាកដប្រជា តាមរយៈចក្ខុវិស័យ និងយុទ្ធសាស្ត្រជាតិច្បាស់លាស់៕
