រដ្ឋបាលរាជធានីភ្នំពេញ និង ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំ នៅភ្នំពេញ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ មេសា ខាងមុខនេះ។

ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះ ដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយ ស្តីពីការត្រៀមរៀបចំ ព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានរំលឹកថា ការអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំជារៀងរាល់ឆ្នាំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ តែសម្រាប់ឆ្នាំ២០២៦នេះ ក្រោមការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ធំជាងឆ្នាំកន្លងទៅ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ មេសា ខាងមុខនេះ។

លោក ឃួង ស្រេង គូសបញ្ជាក់ចា ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ដូនតា និងការស្គាល់ច្បាស់ ពីអត្តសញ្ញាណជាតិ ជាផ្នែកមួយ នៃ ខឿនការពារជាតិដ៏រឹងមាំ របស់ប្រជាជន។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ ធ្វើឡើងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦ ហើយព្រឹត្តិការណ៍នេះ ក៏មិនខុសពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើង កាលពីថ្ងៃទី៣១ធ្នូ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ឡើយ គឺក្នុងគោលបំណង នាំមកនូវការជួបជុំគ្នា ទាំងប្រជាពលរដ្ឋ ក្នុងនិងក្រៅស្រុក។ ជាមួយនិងការផ្សព្វផ្សាយ ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិ បងប្អូន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំ អបអរឆ្នាំថ្មីខាងមុខនេះ នឹងធ្វើឡើងនៅទីតាំងធំៗ ចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ, ទី២ផ្លូវថ្មើជើងចតុមុខ និងទី៣នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវត្តី ទី២ បាសាក់លែ នៅផ្លូវលេខ៣០៨និងទី៣ នៅផ្លូវលេខ១៥៥ ជុំវិញផ្សារទួលទំពូង ក្នុងខណ្ឌចំការមន៕





