មន្ទីរបញ្ចកោណបញ្ជាក់ថា ការវាយប្រហាររយៈពេល ៦ថ្ងៃដំបូងរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ មានតម្លៃ ១១,៣ពាន់លានដុល្លារ
វ៉ាស៊ីនតោន៖ មន្ត្រីមន្ទីរបញ្ចកោណបានប្រាប់អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកថា យុទ្ធនាការយោធារយៈពេល ៦ថ្ងៃដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ មានតម្លៃជាង ១១,៣ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times។
របាយការណ៍នេះ ដោយដកស្រង់សម្តីមនុស្សបីនាក់ ដែលស្គាល់ពីកិច្ចប្រជុំបិទទ្វាររវាងមន្ទីរបញ្ចកោណ និងសភា បានឧ្យដឹងថា តួលេខនេះ ដែលត្រូវបានគេគិតថាជាការប៉ាន់ស្មានបឋមដ៏ទូលំទូលាយបំផុត ដែលសភាទទួលបានរហូតមកដល់ពេលនេះ មិនរាប់បញ្ចូលការចំណាយពាក់ព័ន្ធជាច្រើនដូចជា ការសាងសង់សម្ភារៈយោធា និងបុគ្គលិកមុនពេលការវាយប្រហារលើកដំបូងនោះទេ។
ជាលទ្ធផល អ្នកតាក់តែងច្បាប់ពីរគណបក្សរំពឹងថាចំនួននេះនឹងកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលមន្ទីរបញ្ចកោណបន្តគណនាការចំណាយ ដែលប្រមូលបានក្នុងអំឡុងសប្តាហ៍ដំបូង នេះបើយោងតាមរបាយការណ៍ដែលបានបន្ថែម។
របាយការណ៍នេះបានឧ្យដឹងថា ការវាយប្រហារដំបូងៗបានប្រើប្រាស់អាវុធ រួមទាំងគ្រាប់បែក AGM-154 ដែលមានការដឹកនាំដោយភាពជាក់លាក់ខ្ពស់ ដែលមានតម្លៃចាប់ពី ៥៧៨,០០០ដុល្លារ ដល់ ៨៣៦,០០០ដុល្លារក្នុងមួយគ្រាប់ ដោយបន្ថែមថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានទិញគ្រាប់បែកប្រហែល ៣០០០គ្រាប់កាលពីប្រហែលពីរទសវត្សរ៍មុន។
ទាំងកាសែត The New York Times និង The Washington Post ពីមុនបានរាយការណ៍ថា មន្ត្រីបញ្ចកោណ បានប្រាប់សភាថា យោធាបានប្រើប្រាស់គ្រាប់រំសេវប្រហែល ៥.៦ពាន់លានដុល្លារក្នុងរយៈពេលពីរថ្ងៃដំបូងនៃការវាយប្រហាររួមគ្នាដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី ២៨ ខែកុម្ភៈ៕
ប្រែសម្រួល ឈូក បូរ៉ា
