អ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារ ទ្រង់ទ្រាយធំថ្មីលើអ៊ីរ៉ង់
យេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានឧ្យដឹងថា ខ្លួនបានចាប់ផ្តើម “រលកវាយប្រហារទ្រង់ទ្រាយធំ” ថ្មីលើអ៊ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ប៉ុន្មាននាទីបន្ទាប់ពីសំឡេងរោទិ៍ត្រូវបានធ្វើឱ្យសកម្មនៅទូទាំងអ៊ីស្រាអែល ដោយព្រមានអំពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់។
អ្នកស្រុកនៅទីក្រុង Tel Aviv បានរាយការណ៍ពីសំឡេងផ្ទុះខ្លាំងៗ ខណៈដែលទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានចុះផ្សាយថា កម្ទេចកម្ទីបានវាយប្រហារទីតាំងជាច្រើននៅក្នុងតំបន់នោះ។
សេវាជួយសង្គ្រោះរបស់ប្រទេស Magen David Adom បានឧ្យដឹងថា ក្រុមរបស់ខ្លួនកំពុងធ្វើដំណើរ ដើម្បីស្វែងរកអ្នករងរបួសដែលអាចកើតមាននៅកន្លែង ដែលមានការរាយការណ៍អំពីការបាញ់មីស៊ីល ឬបំណែក។
ការវាយប្រហារទាំងនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅលើជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut កាលពីយប់ថ្ងៃពុធ ខណៈដែលក្រុមហេសបូឡា បានកំណត់គោលដៅភាគខាងជើងអ៊ីស្រាអែល អស់រយៈពេលជាច្រើនម៉ោងជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែត។
យោងតាមមន្ត្រីយោធាអ៊ីស្រាអែល ពួកសកម្មប្រយុទ្ធហេសបូឡាបានបាញ់រ៉ុក្កែតប្រហែល ១០០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងនៅភាគខាងជើងអ៊ីស្រាអែល ខណៈដែលអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ក្នុងពេលដំណាលគ្នានៅភាគខាងជើង ក៏ដូចជាតំបន់ផ្សេងៗទៀត។
លោក Magen David Adom បានឧ្យដឹងថា ផលប៉ះពាល់ត្រូវបានរាយការណ៍ ហើយយ៉ាងហោចណាស់ជនស៊ីវិលពីរនាក់បានរងរបួសស្រាល។
ការប្រយុទ្ធគ្នាបានកើតឡើងនៅពេលដែលជម្លោះក្នុងតំបន់ ដែលបង្កឡើងដោយការវាយប្រហារយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានលាតសន្ធឹងដល់ថ្ងៃទី១៣ របស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
